ឃាត់ខ្លួនជនជាត់ថៃ ​ប្រុស​ស្រី២នាក់ ដែល​បើកហាង​លក់ទំនិញ បាំង​ភ្នែកសមត្ថកិច្ច ​លួច​បន្លំ​បង្កប់​លក់​គ្រឿងញៀន ជិត១គីឡូក្រាម
-

បន្ទាយមានជ័យៈ នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ថិតនៅ​ចំណុច​ក្នុង​បរិវេណ​កាស៊ីណូ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបាន​បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ជា​ជនជាតិ​ថៃ​ប្រុស​ស្រី២នាក់ ដែល​បើកហាង​លក់ទំនិញ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច និង​លួច​បន្លំ​បង្កប់​លក់​គ្រឿងញៀន រួមជាមួយ​ថ្នាំញៀន​ចំនួន៧ប្រភេទ សរុប​ជាង១គីឡូក្រាម។

កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ឆ្លង​ឆ្នាំ ឈានចូល​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ​កម្លាំង​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស។

ជនជាតិ​ថៃ​បាន​បើកហាង​លក់ទំនិញ និង​បង្ក​ប់លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ក៏បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​កំណត់​បាន​មុខសញ្ញា និង​ឈានដល់​ឆ្មក់​ចូល​បង្ក្រាប បាន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ នៅក្នុង​ហាង​យី​ហា២៩បាត ដែល​កំពុង​ធ្វើ​សកម្មភាព លក់​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​តែម្តង។

រកឃើញ​ដកហូត​បាន​គ្រឿងញៀន៧ប្រភេទ​រួមមាន​ ទី១.ប្រភេទ​ម្សៅ ក្រាម​ស​ថ្លា​ចំនួន១ថង់ ទម្ងន់១,៨៩ក្រាម, ទី២.ម្សៅ​ម៉ត់ និង​ម្សៅ​ក្រាម (កេ​តា​មីន) ចំនួន២៧ថង់​ ទម្ងន់១៩២,២៧ក្រាម, ទី៣.ថ្នាំ​ប្រភេទ​គ្រាប់ អ៊ិ​ច​ស្តា​ស៊ី ចំនួន១៦ថង់ ទម្ងន់១៣៣,៩៤ក្រាម, ទី៤.ថ្នាំ​ទឹក​កេ​តា​មីន​ ចំនួន៩១ដប ទម្ងន់៩១០ក្រាម, ទី៥.ថ្នាំ​ទឹក កាលី​សូល ចំនួន២៣ដប ទម្ងន់២៣០ក្រាម, ទី៦.ថ្នាំ​គ្រាប់​ហ្វា​យ​ ប្រភេទ​ថ្នាំ​គ្រវី១៥គ្រាប់ និង​ទី៧.កញ្ឆា​ក្រៀម​ ចំនួន៥ដុំ ស្មើ​ទម្ងន់១៣៥,៦០ក្រាម ជញ្ជីង​ថ្លឹង​គ្រឿង ញៀន១គ្រឿង ប្រាក់​ថៃ៣៥.៨០០បាត និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​ មួយចំនួនទៀត​ផងដែរ។

ជនសង្ស័យ​ទាំង២នាក់ រួមមាន​ទី១/ឈ្មោះ ឆាយ​ដែន ម៉ា​ហា ភេទ​ប្រុស​ អាយុ៣៣ឆ្នាំ ជនជាតិ​ថៃ មុខរបរ​កម្មករ ស្រុកកំណើត​ភូមិ អារញ្ញ ឃុំ​អារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ និង​ទី២/ឈ្មោះ អរុណ កូ​ម៉ាន ធី​ឆា​ឆា​វិ​ផា​ណា​នុ​វ៉ាត ហៅ «ឆា​ឆា» ភេទ​ស្រី អាយុ៣១ឆ្នាំ ជនជាតិ​ថៃ មាន​មុខរបរ​លក់ដូ​រ ស្រុកកំណើត ឃុំ​សា​ណា​មីង ស្រុក​សាន​សាយ ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ។

ស្ត្រី​ជា​ជនជាតិ​ថៃ បានមក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា រយៈពេល៥ឆ្នាំ​មកហើយ និង​បាន​ប្រកបមុខរបរ​លក់ទំនិញ នៅ​ចំណុច​បរិវេណ​កាស៊ីណូ ក្រុង​ប៉ោយប៉ែត រយៈពេល២ឆ្នាំ ហើយ​គ្រឿងញៀន​ខាងលើនេះ ត្រូវបាន​ពួកគេ​ទទួល​ទិញ​ពី​ស្ត្រី​ម្នាក់​ ជា​ជនជាតិខ្មែរ សម្រាប់​លក់​ចែកចាយ​បន្ត​ឱ្យ​ជនជាតិ​ចិន និង​ជនជាតិ​ឥណ្ឌូនេស៊ី។ ជនសង្ស័យ​ទាំង២នាក់ និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕