ចាប់ខ្លួនបានហើយ អតិតប្ដីដែលបានចាក់ប្រពន្ធ និងសង្សាររួមម្ដាយក្មេង កាលពីមួយសប្ដាយ៍មុន ក្នុងហាងសាច់អាំងមួយកន្លែង បណ្តាលឲ្យស្លាប់និងរបួសសរុប៣នាក់
-

ភ្នំពេញៈ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ថិតនៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជនសង្ស័យជាអតីតប្តីដើម ដែលមានតួនាទីវរសេនីយឯក យោធាជើងគោក វីរៈ៩១ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត។ ក្រោយពីឃើញអតីតប្រពន្ធហូបស៊ុបជាមួយសង្សារថ្មី បានដើរសំដៅទៅចាក់ជាច្រើនកាំបិត បណ្តាលឲ្យបុរសជាសង្សារស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯអតីតប្រពន្ធ និងម្តាយក្មេងរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនបាត់ស្រមោល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន family ផ្លូវលេខ១០១ ក្រុមទី២៥ ភូមិទី៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

សូមបញ្ជាក់ថា ជនរងគ្រោះរួមមាន ១/ឈ្មោះ គង់ សុផារ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ ១៣៥ ផ្លូវលេខ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ មុខរបរយោធា រងរបួសដៃ និងជើងទាំងសងខាង។ ២/ឈ្មោះ ម៉ែន អេង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅជាមួយជនរងគ្រោះ ឈ្មោះ គង់ សុផារ៉ា មុខរបរលក់បបរ រងរបួសជើងឆ្វេង និង៣/ឈ្មោះ Song Qingjun ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន មុខរបរប្រធានក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ EA៩៥១០៧៩៩ (ស្លាប់)។

ស្លាកស្នាមលើសាកសព ស្នាមរបួសដាច់រយះនៅផ្ទៃខ្លួនខាងមុខចំនួន៧កន្លែង ស្នាមរបួសដាច់រយះនៅដងខ្លួនខាងក្រោយចំនួន៦កន្លែង,ស្នាមដាច់រលាត់នៅលើថ្ងាសលិង្គ១កន្លែង។

ចំណែកជនសង្ស័យឈ្មោះ គង់កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខF៥ បុរីសាន់តូនី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរយោធាជើងគោក វីរៈ៩១ ត្រូវជាប្ដីដើមរបស់ជនរងគ្រោះឈ្មោះ គង់ សុផារ៉ា ដែលកំពុងលែងលះគ្នាតែមិនទាន់បានសាលក្រម ។

គួររំលឹកថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ គង់សុផារ៉ា និងម្ដាយឈ្មោះ ម៉ែន អេង រួមទាំងមិត្តប្រុស ជាជនជាតិចិនខាងលើ បាននាំគ្នាមកហូបសាច់អាំង នៅភោជនីយដ្ឋានកន្លែងកើតហេតុ។ ពេលកំពុងតែហូប ស្រាប់តែជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ មកឈប់នៅមុខភោជនីយដ្ឋាន រួចចុះពីលើម៉ូតូ ដើរសំដៅទៅរកជនរងគ្រោះដោយ ដៃម្ខាងកាន់អាវុធខ្លី មិនស្គាល់ម៉ាក និងដៃម្ខាងទៀតកាន់កាំបិត រួចចាក់ទៅលើជនរងគ្រោះដែលជាជនជាតិចិន ជាច្រើនកាំបិត ត្រូវដងខ្លួនចំនួន១៤កន្លែង ធ្លាយពោះវៀនបណ្តាលឲ្យស្លាប់។ ពេលនោះជនរងគ្រោះ គង់ សុផារ៉ានិងម្ដាយ បានឃាត់ក៏ត្រូវជនសង្ស័យចាក់ឲ្យរបួសផងដែរ ហើយជនសង្ស័យក៏ឡើងជិះម៉ូតូគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល បុរសជាសង្សារថ្មីបានស្លាប់ ដោយសាររបួសធ្ងន់ធ្ងរពេក ៕