ថ្លើមធំណាស់... ខំយកមកចិញ្ចិម ផ្គត់ផ្គង់​ឲ្យ​បានរៀនសូត្រ ចេះដឹងនិងគេ ប៉ុន្តែ​នាង​បែរមក​លួច​យកលុយ​របស់គាត់​អស់​២​ម៉ឺន​ដុល្លារ
-

​ភ្នំពេញៈ ស្ត្រី​ចំណាស់​ម្នាក់​ មានឈ្មោះ ឌី ផល្លារ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រោង​ក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។ បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្តឹង​ ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្មេងស្រី​ម្នាក់ មាន​ឈ្មោះ កែវ​ គ​ន្ឋ​សុវណ្ណនី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រៀន​នៅ​វិទ្យាល័យ​។​ ដែល​គាត់​បាន​យកមក​ចិញ្ចឹម​ផ្គត់ផ្គង់​ឲ្យ​រៀនសូត្រ ប៉ុន្តែ​នាង​បែរមក​លួច​យកលុយ​របស់គាត់​អស់​២​ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី​០១ ខែ​មករា​ ឆ្នាំ​២០១៩។,

​យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ខាងលើ បានឲ្យ​ដឹងថា​ កាលពី​ខែមករា ដើម​ឆ្នាំ​២០១៨ គាត់​បាន​ទទួលយក​ឈ្មោះ កែវ គ​ន្ឋ​សុវណ្ណនី ជា​សាច់ញាតិ​ឲ្យ​មក​រស់នៅ​ជាមួយ​បានជា​គ្នា​ផង ​និង​បាន​ជួយ​ផ្គត់ផ្គង់​ទំនុកបម្រុង​នាង​ឲ្យ​រៀន​បាន​សូត្រ​បន្ត ​ដើម្បី​អនាគត​ល្អ​របស់​នាង​។​ ក្រោយ​មកនៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ នេះ​ នាង កែវ គ​ន្ឋ​សុវណ្ណនី បាន​ទៅ​រៀន​ធម្មតា តែ​បាត់​ខ្លួន​៣​ថ្ងៃ​ អត់​មក​ផ្ទះ​សោះ នៅ​ពេលនោះ​គាត់​បាន​ទៅ​ឆែក​មើល​លុយ​របស់គាត់​ ដែល​លាក់ទុក​ក្នុង​កាតាប​ដាក់​នៅ​ក្រោម​គ្រែ ​ស្រាប់តែ​បាត់​អស់​រលីង គឺ​មាន​លុយ​ខ្មែរ​ចំនួន​៣​លាន​រៀល និង​លុយ​អាមេរិក ចំនួន​១០២៥០​ដុល្លារ​ទៀត សរុប​អស់​១១០០០ដុល្លារ​។​

​ជនរងគ្រោះ​បាន​បញ្ជាក់​ថា​ នៅពេល​ដឹងថា បាត់​លុយ​ភ្លាម​ ក៏បាន​ទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល​ ទើប​ឃើញ​រូប​សកម្មភាព​ ឈ្មោះ កែវ គ​ន្ឋ​សុវណ្ណនី ចូល​លួច​យក​លុយ​គាត់​នៅ​ក្រោម ខណៈ​គាត់​កំពុងតែ​នៅ​ខាងក្រៅ​ផ្ទះ​។​ ​ក្រោយមក​ នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩ នាង​បាន​ត្រឡប់មកផ្ទះ​វិញ គាត់​ក៏​បាន​ហៅ​នាង​មក​សួរនាំ​រឿង​បាត់​លុយ​នោះ តែ​នាង​នៅតែ​បដិសេធ​ថា មិនបាន​យក ពេលនោះ​គាត់​ក៏បាន​បង្ហាញ​រូបភាព​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​គាត់​បាន​ដាក់​បង្កប់​ក្នុង​បន្ទប់​ឲ្យ​នាង​មើល​ ទើប​សារភាព​ថា បាន​យកលុយ​នោះ​ចាយ​អស់​មួយចំនួនធំ​។​

​ក្រោយមក ​ជនរងគ្រោះ​ បានសម្រេច​ចិត្ត​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ឲ្យ​មក​ទទួលយក​នាង​ទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​ទៅតាម​ទោសទណ្ឌ​ ដែល​នាង​បាន​ប្រព្រឹត្ត​ដោយ​អំពើ​ក្បត់​លោភលន់​មក​លើ​អ្នក​ផ្គត់ផ្គង់​ទំនុកបម្រុង​នាង​៕