ទីក្រុងបាងកកៈ កាលពីរសៀលថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភាគកណ្តាលប្រទេសថៃ មានហេតុការណ៏ដ៏រន្ធត់មួយ ដែលបណ្ដាលឲ្យអ្នកដំណើរ០៦នាក់បានបាត់បង់ជីវិត និង៥០នាក់ទៀតបានរងរបួស នៅពេលរថយន្តក្រុងទេសចរណ៍ប្រភេទពីរជាន់មួយគ្រឿងបានក្រឡាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលិសថៃ រថយន្តក្រុងខាងលើ ជាកម្មសិទ្ធិក្រុមហ៊ុនទេសចរណ៍ Prayad បានចាកចេញពីស្រុក Phanom Phrai ក្នុងខេត្ត Roi-et ដើម្បីឆ្ពោះមកកាន់ទីក្រុងបាងកក។ គ្រោះថ្នាក់នេះបានកើតឡើងក្នុងស្រុក Khlong Luang នៃខេត្ត Pathum Thani នៅពេលមានភ្លៀងធ្លាក់ បន្ទាប់ពីតៃកុងឡានបានជាន់ហ្វ្រាំងយ៉ាងគំហុក ដើម្បីគេចពីយានជំនិះមួយគ្រឿងនៅចំពីមុខខ្លួន។

គួរជម្រាបថា ក្នុងចំណោមអ្នកស្លាប់ រួមមានបុរសម្នាក់ ស្រ្តី០៤នាក់ និងទារិកាម្នាក់ អាយុទើបពី៣ទៅ៥ខែប៉ុណ្ណោះ។ រីឯអ្នករងរបួសប្រហែល៥០នាក់ ត្រូវបានរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យនានា ដែលស្ថិតនៅក្បែរតំបន់កើតហេតុ ៕