ភ្នំពេញៈ បន្ទាប់ពីប្រឹងប្រែងជម្នះនឹងជំងឺប្រចាំកាយអស់ជាច្រើនឆ្នាំ អតីតអ្នកព័ត៌មាន «The Cambodia Daily» លោក សាំង សុឥន្ទរិទ្ធ បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។

សពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។
លោក សាំង សុឥន្ទរិទ្ធ មានអាយុប្រមាណ៥៥ឆ្នាំ និងមានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់។ លោក សាំង សុឥន្ទរិទ្ធ បានប្រឡូកក្នុងវិស័យសារព័ត៌មានជាង២០ឆ្នាំ ដោយបានបម្រើការនៅកាសែត The Cambodia Daily ហើយត្រូវបានកាសែតបរទេសមួយនេះ បញ្ឈប់ពីការងារនៅពេលរូបលោកធ្លាក់ខ្លួនឈឺ បម្រើការងារលែងកើត។

លោក សាំង សុឥន្ទរិទ្ធ បានកើតជំងឺខូចក្រលៀន ហើយបានប្រឹងប្រែងរស់នៅជម្នះជាមួយជំងឺមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ ក្នុងអំឡុងពេលធ្លាក់ខ្លួនឈឺនេះ អ្នកកាសែតរូបនេះ បានជួបការខ្វះខាតខ្លាំងក្នុងជីវភាព។
ដោយមើលឃើញពីការលំបាកទាំងនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភថវិកាប្រមាណ២ម៉ឺនដុល្លារ ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានឧបត្ថម្ភថវិកា៥ពាន់ដុល្លារផងដែរ សម្រាប់ដោះស្រាយជីវភាព និងព្យាបាលជំងឺ ៕

