កំពង់ស្ពឺៈ ក្រុមចោរលួចកាច់.កម៉ូតូចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស។ ស្រាប់តែមិនទាន់បានប៉ុន្មានផង ជនសង្ស័ួទាំង២ ត្រូវបានតុលាការ ដោះលែងត្រឡប់ទៅផ្ទះវិញ យ៉ាងរំភើយ គាប់ជួនប្រពន្ឋជនសង្ស័យដើរអួតថា ចំណាយលុយអស់៦០០០ដុល្លារ ទើបប្តីខ្លួនបានមកផ្ទះវិញបែបនេះ។ ការដែលមុខសញ្ញាត្រូវបានដោះលែងនេះ ត្រូវបានប្រភពខ្សឹបខ្សៀវគ្នាថា គឺលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឲ្យដោះលែងវិញហើយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨។

ពាក់ព័ន្ធការសម្រេចដោះលែងក្រុមចោរលួចទាំង២នាក់ខាងលើ ត្រូវក្រុមមន្ត្រីមូលដ្ឋាន ក្នុងស្រុកឧដុង្គ ក្នុងឃុំជំពូព្រឹក និងអ្នកភូមិព្រៃអន្សែ លើកឡើងថា ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន បានដើរនិយាយអួតក្អេងក្អាងប្រាប់អ្នកស្រុក និងនិយាយបញ្ឈឺមន្ត្រីនគរបាលមូលដ្ឋានថា មិនដឹងជាខំមកចាប់ប្តីនាងធ្វើអី បើគង់តែបញ្ជូនទៅដល់លើ គេដោះលែងមកវិញដដែល។ សម័យនេះហើយ អស់តែ៦០០០ដុល្លារ មានសេរីភាពវិញហើយ។
ពាក់ព័ន្ធករណីដោះលែងចោរលួចនេះ មិនទាន់អាចសុំការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង អ៊ូ ផាត អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានទេ ព្រោះលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។ ជនសង្ស័យទាំង២នាក់ ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងឈ្មោះ នោ ពន ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ទាក់ទិននឹងរឿង ដោះលែងចោរលួចនេះលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ ថា “ជាករណីសង្ស័យលួចម៉ូតូដោយជនសង្ស័យជាមនុស្សប្លែកមុខរស់នៅជំពូព្រឹក្ស ហើយកន្លងមក នៅស្រុកឧដុង្គធ្លាប់បាត់រថយន្ត ហើយឃើញមនុស្សប្លែកមុខ សមត្ថកិច្ចក៏តាមដានស៊ើបអង្កេតហើយឃាត់ខ្លួនយកមកសាកសួរ។ ជនសង្ស័យសារភាពថាធ្លាប់លួចម៉ូតូម្តងក៏កសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង”។
ជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន ខណៈចោររូបនេះកំពុងបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ស៊េរីឆ្នាំ ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។បើតាមសមត្ថកិច្ច រថយន្តខាងលើត្រូវពួកគេលួចបាន រួចយកទៅលាក់ទុក នៅផ្ទះរបស់ឈ្មោះ នោ ពន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នោ ពន ម្នាក់ទៀត យកទៅសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ នៅខេត្តផ្សេងៗទៀត(មិនមែនកំពង់ស្ពឺ) ចំនួន៣លើក យកមកលក់ឲ្យឈ្មោះ នោ ពន ។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរលួចឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូតវត្ថុតាង ពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ រួមមាន រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ចំនួន១គ្រឿង ប្រដាប់កឹបស្លាកលេខចំនួន១ កូនសោឡានចំនួន៧ ។
នៅពេលឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាកសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃចំនួន១គ្រឿង។ លុះឃាត់ខ្លួន ក្រុមជនសង្ស័យទាំង២នាក់បានហើយ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ បានយកប្រគល់វត្ថុតាងមួយចំនួនទៀតឲ្យសមត្ថកិច្ច។

អ្វីដែលជាការប្រតិកម្មគឺប្រពន្ឋជនសង្ស័យបានដើរអួតក្អេងក្អាងបន្ទាប់ពីប្តូរបស់គេចេញពីគុកមកវិញ ។មហាជនរង់ចាំមើលថា តើវាសនារបស់ជនសង្ស័យទាំង២ អាចត្រឡប់ចូលទ្រនំចាស់(គុក)វិញដែរ ឬយ៉ាងណា? បន្ទាប់ពីរឿងនេះ បានផ្ទុះឡើង ។ នគរវត្តរង់ចាំស្វាគមន៍បើមានការបកស្រាយណាមួយពីស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ ៕

