ភ្នំពេញ ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី២ ឃាត់ខ្លួនបន្ទាប់ពីរូបគេយកកាំបិតទៅកាប់បុរសម្នាក់ផ្សេងទៀតដែលជាភាគីទំនាស់បណ្តាលរងរបួសហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ណែម ភឿន អាយុ ៤២ ឆ្នាំ មុខរបររត់ម៉ូតូ ចំណែកជនបង្កមានឈ្មោះ អ៊ុក សុជាតិ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយអ្នកទាំងពីរស្នាក់នៅត្រង់ទីតាំងកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តថាដើមហេតុដំបូងដែលឈានដល់ការកាប់គ្នាបណ្តាលអោយរងរបួសនោះគឺដោយសារភាគីបង្កនឹងភាគីរងរបួសបានមានទំនាស់ជាមួយគ្នាយូរមកហើយ លុះដល់ថ្ងៃកើតហេតុនេះដោយជនបង្កទ្រាំនឹងសម្តីជនរងគ្រោះនិយាយឌឺដងគ្នាមិនបានក៏ទាញកាំបិតដើរចូលទៅកាប់ជនរងគ្រោះចំក្បាលមួយកាំបិតបណ្តាលអោយឈាមហូរស្រោចពេញខ្លួន បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋក្បែរនោះជួយឃាត់ជនបង្កប្រគល់អោយសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីងាយស្រួលដល់សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕


ដោយៈ ភារ៉ា