ក្រុមចោរប្លន់ចំនួន៤នាក់ ដែលប្លន់ម៉ូតូ១គ្រឿងបានសម្រេចជាង២០ថ្ងៃ​មុន ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ​ចាប់ខ្លួនបានហើយ
-

ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានការដឹកនាំ បញ្ជារផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានធ្វើការ ស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលចាប់ខ្លួនបានរួមមាន ៖ ទី១ ឈ្មោះ សំណាង វិសាល អាយុ១៨ឆ្នាំ ទី២ ឈ្មោះ គុណ រិទ្ធី អាយុ២០ឆ្នាំ ទី៣ ឈ្មោះ សុខ ធារ័ត្ន អាយុ១៨ឆ្នាំ និងទី៤ ឈ្មោះ ទុំ សីហា អាយុ១៩ឆ្នាំ ។ ចំណែកជនរងគ្រោះ ឈ្មោះវន គឹមហៀង ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ផ្លែឈើ នៅក្នុងផ្សារជម្ពូវ័ន និង មានទីលំនៅ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GP-8497 ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ក្រោយមានក្រុមចោរ ប្លន់ម៉ូតូ របស់ខ្លួន រួមនិងទ្រព្យសម្បត្តិមួយចំនួន ។ ជនរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថា គាត់ជាអាជីវករលក់ផ្លែឈើនៅផ្សារជម្ពូវ័ន ។ នៅវេលាទៀបភ្លឺថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ គាត់បានជិះម៉ូតូម្នាក់ឯងទៅផ្សារ ដើម្បីលក់ផ្លែឈើដូចសព្វដង ខណះដល់ចំណុច ជិតផ្លូវ រថភ្លើងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង៤និង៣០នាទីជិតភ្លឺ ក៏ស្រាប់តែមានចោរចំនួន៤នាក់ជិះម៉ូតូ២គ្រឿងមកស្កាត់ស្ទាក់វាយប្លន់​ យកម៉ូតូរបស់គាត់ រួមទាំងទូរស័ព្ទដៃម៉ាកណូកគា១គ្រឿង ផង រួចជិះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងសុំឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ជួយស្វែងរកម៉ូតូនិង ចាប់ខ្លួនសង្ស័យ ទាំង៤នាក់នេះ រហូតដល់ល្ងាចថ្ងៃទី៦នេះ ទើបចាប់បានទាំង៤នាក់ យកទៅសាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយៈ ភារ៉ា