ព្រះសីហនុៈ កន្លងមក មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែរ ទាក់ទងជាមួយការបោះចោល សំរាមផ្ដេសផ្ដាស់ មានទាំងចាក់ចោលសំរាមចោល លើផ្លូវសាធារណៈ មានទាំងចាក់ចូលទៅក្នុងទឹកទន្លេ ស្ទឹង សមុទ្រជាដើម។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ អាជ្ញាធរក្រុងព្រះសីហនុ បានធ្វើការឃាត់រថយន្តចំនួន៥គ្រឿង ដែលដឹកកាកសំណល់ យកមកចាក់ចោលតាមចិញ្ចើមផ្លូវទីសាធារណៈ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានអោយដឹងថា ជាវិធានការ អាជ្ញាធរបានធ្វើកំណត់ហេតុរក្សាទុកឡានទាំង៥គ្រឿងនេះ នៅសាលាក្រុង៣០ថ្ងៃ។
ដោយឡែកម្ចាស់ការដ្ឋានសំណង់ដែលជួលឡានដឹកកាកសំណល់ការដ្ឋាន រដ្ឋបាលក្រុង និងមន្ទីរបរិស្ថាន នឹងធ្វើលិខិតអញ្ជើញម្ចាស់ការដ្ឋានមកសាលាក្រុង ដើម្បីអប់រំ និងផាកពិន័យតាមច្បាប់ ។
លោក សុខឡេង បញ្ជាក់ថា វិធានការបន្ត រដ្ឋបាលក្រុង នឹងបន្តដាក់ប្រជាការពារឃ្លាំមើល និងល្បាតជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ភ្លឺ ៕



