ព្រមព្រៀងទាំងសងខាង តែបែរខាងប្រុសត្រូវជាប់គុក ព្រោះតែខាងស្រីមិនទាន់គ្រប់អាយុ
-

ខេត្តព្រៃវែង: សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹង​ករណីនាំ​នារីជាអនិតិជនម្នាក់​ ​មកស្នាក់នៅ​ផ្ទះរបស់ខ្លួន​ រួចបានបង្ខំរួមភេទបានសម្រេច​ជាច្រើន​ដង តែចុងក្រោយគ្រួសារ​ខាងស្រីដឹងប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ចាត់ការតាមច្បាប់។ ការឃាត់ខ្លួនបុរសខាងលើ ប្រព្រឹត្តទៅកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ នៅភូមិព្រែកឈ្មោះ ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។​

មន្រ្តីនគរបាលស្រុកពោធិ៍រៀង បានឲ្យដឹងថាជនសង្ស័យឈ្មោះ អ៊ឹម នឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រែកឈ្មោះ ឃុំព្រែកតាស ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ រីឯក្មេងស្រី​ជាជនរងគ្រោះមានអាយុ១៦ឆ្នាំ រស់នៅ ឃុំ ស្រុក ខាងលើ។​ ក្រោយទទួលបណ្ដឹងនេះភ្លាម ទើបសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកពោធិ៍រៀង ឈានទៅឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោងខាងលើ ផ្ទះរបស់គេដើម្បីយកទៅសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អ៊ឺម នឿន បានសារភាពថា រូបគេពិតជាបានលួងលោមក្មេងស្រីរងគ្រោះមកស្នាក់នៅជាមួយ និងបានរួមភេទជាមួយគ្នា បានសម្រេចច្រើនលើកប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកពោធិ៍រៀង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕