បោះពាក្យបោះសម្ដីខ្លាំងពេក ទ្រាំលែងបានចូលទៅវ៉ៃ និងកាប់មួយដាវរងរបួសធ្ងន់
-

កណ្តាលៈ កាលពីវេលាម៉ោង៦ៈ១៥នាទីល្ងាច ថ្ងៃទី​០៨ ខែមករា​ ឆ្នាំ២០១៩​ ស្ថិតនៅចំណុច​ភូមិពោធិកណ្តាល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។ មានករណីហិង្សាដោយចេតនាមួយ បណ្តាលយុវជនម្នាក់ មានឈ្មោះ​ ចូន​ វាសនា​ ភេទប្រុស​ អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិឃុំ​កើតហេតុ។ រងរបួសយ៉ាងដំណំ ក្រោយពីជនសង្ស័យ​ចំនួន០២នាក់ ទី១​.ឈ្មោះ​ គួរ មករា ភេទប្រុស​ អាយុ១៩ឆ្នាំ មុខរបរ​កម្មករ។ និងទី២.​ឈ្មោះ​ អឿន សំឯក ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរ​កសិករ​​។ វាយនិងកាប់ពីក្រោយ ចំនួនមួយដាវ។ វត្ថុតាងចាប់យករួមមាន ដាវចំនួន០១​ ម៉ូតូចំនួន០១គ្រឿ ម៉ាក​ C១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ កណ្តាល​ 1Z 9755 ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ វេលាម៉ោង​៦ល្ងាច​មានឈ្មោះ អឿន សំឯក បាននិយាយប្រាប់ឈ្មោះ គួរ មករា ថាឈ្មោះ ចូន វាសនា បបួលមកវាយគ្នាមួយស្មើ ជាមួយឈ្មោះ គួរ មករា ឯង។ ពេលឮដូច្នេះ​ឈ្មោះ​ គួរ មករា​ ខឹងយ៉ាងខ្លាំង​ ហើយពេលនោះ​ឈ្មោះ​ អឿន សំឯក បានជិះម៉ូតូម៉ាក C១២៥ ចំនួន០១គ្រឿង ដោយមានលាក់ដាវចំនួន០១ ទៅជាមួយផង​ ឌុបឈ្មោះ​ គួរ មករា ដើម្បីចាំជួបឈ្មោះ​ ចូន វាសនា នៅម្តុំផ្លូវចូលវត្តពោធិអណ្តែត ពេលទៅដល់បានជួបឈ្មោះចូន វាសនា ភ្លាមនោះ ឈ្មោះ​ គួរ មករា បានស្ទុះទៅវាយតបជាមួយឈ្មោះ ចូន វាសនា​ ដោយដៃ ចំណែកឈ្មោះ ចូន វាសនា​ ក៏បានវាយតបវិញ​ដែរ ពេលនោះ ឈ្មោះ អឿន​ សំឯក បានយកដាវ​កាប់​ទៅលើឈ្មោះ ចូន វាសនា ចំក្បាលចំនួនមួយដាវ បណ្តាលឲ្យមុតហូរឈាមយ៉ាងខ្លាំង។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅពេទ្យព្យាបាលរបួស និងរាយការណ៍ប្រាប់សមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះអន្ដរាគមន៍ ដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលស្វាយប្រទាល ធ្វើការឃាត់ខ្លួន​បានឈ្មោះ ​គួរ មករា។ រីឯឈ្មោះ​ អឿន សំឯក បានគេចខ្លួនបាត់។ បច្ចុប្បន្ន​ជនសង្ស័យ​ បានឃាត់ខ្លួននៅអធិការនគរបាលស្រុកស្អាង​ ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី ៕