កំពង់ស្ពឺៈ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចស្ពានផ្សាកំពង់ស្ពឺ មុខធនាគារ ABA។ មានហេតុការណ៏ភ្ញាក់មួយ ដោយរថយន្ដដឹកថ្មមួយគ្រឿង ស្លាកលេខចង្កូតស្ដាំ PP 2652 ម៉ាក Nissan ក្បាលពណ៌ខៀវ ទ្រុងពណ៌ប្រផេះ បានរបូតកង់រត់ចេញពីរថយន្ដ បណ្ដាលឲ្យរថយន្ដបានរេចង្កូតឡេីង ទៅប៉ះដៃស្ពានបម្រុងធ្លាក់តែសំណាងល្អបានបង្កាន់ស្ពានរឹងមាំទប់ជាប់។

អ្នកបេីកបរឈ្មោះ កេន គីម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិទួលសាម៉ ឃុំទួលសាម៉ ស្រុកអង្គរស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ដ បានយករថយន្ដមករក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ ដេីម្បីដោះស្រាយផលប៉ះពាល់សងសំណងពិនិត្យ តាមផ្លូវច្បាប់ទ្រព្យសម្បត្ដិសាធារណៈ។

សូមបញ្ជាក់ថា រថយន្ដដឹកថ្មនេះ ជាប្រភេទរថយន្ដ កែឆ្នៃនៅក្នុងស្រុក ដោយជាងបានកែប្ដូរកង់ ប្ដូរប៉ុង បន្ថែមទ្រុងបែនខុសលក្ខណៈបច្ចេកទេសដេីម ជាប្រភេទរថយន្ដគ្មានពន្ធនាំចូលទៀតផង ជាការនាំចូលគ្រឿងបន្លាស់រថយន្ដរួចយកមករៀបចំបង្គំចូលគ្នា តម្លើងចេញជារថយន្ដ ហេតុនេះហេីយទេីបការដឹកធ្ងន់ បណ្ដាលអោយដាច់កង់រត់ចោលរថយន្ដតែម្ដង សំណូមពរអោយគ្រប់ជំនាញមេត្ដាពិនិត្យលក្ខណៈបច្ចេកទេសរថយន្ដប្រភេទនេះផង ពិសេសថ្មីៗនេះ ក្នុងសន្និបាទក្រសួងឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការបានប្រកាសថានិងចាត់វិធានការចំពោះយានដ្ឋានកែឆ្នៃ ផ្សាតទ្រុងបន្ថែម អនុវត្តច្បាប់ជាដាច់ខាត ៕





