ភ្នំពេញៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៥៥ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ មានករណីអគ្គិភ័យឆាបឆេះមួយ ដែលបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆេះ ខូចខាតសម្ភារៈឥវ៉ាន់ចាប់ហួយមួយចំនួនធំ និងរថយន្តឡិចស៊ីសមួយគ្រឿង ឆេះមួយកំណាត់មុខនៅក្នុងផ្ទះល្វែងសងអំពីឥដ្ឋ។ ដែលម្ចាស់ផ្ទះមានឈ្មោះ ណោ ឆេងគីម ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៣ ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បើតាមសម្ដីម្ចាស់ផ្ទះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់មិនបាននៅផ្ទះឡើង ដោយរវល់លក់នៅឯផ្សារទំនប់ឯណោះ ស្រាប់តែមានគេខលប្រាប់ថា មានភ្លើងឆេះ។ បើតាមប្អូនស្រីម្ចាស់ផ្ទះ បានឲ្យដឹងថា ផ្ទះដែលឆេះនេះ ជាផ្ទះសម្រាប់ស្តុកទំនិញចាប់ហួយ ដោយបានចាក់សោជាប់ ម្ចាស់ផ្ទះទៅធ្វើការនិងលក់ដូរអស់។

អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ធ្វើឲ្យឆាបឆេះខូចខាតរថយន្តមួយ កំណាត់មុខ ម៉ាកឡិចស៊ីស RX300 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2V-0897 និងឆេះខូចខាតសម្ភារៈមួយចំនួនធំ។ រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ប្រើប្រាស់ទឹកពន្លត់ចំនួន៣គ្រឿង មានរថយន្តរបស់ការិយាល័យបង្កាពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ២គ្រឿង រថយន្តខណ្ឌឫស្សីកែវ១គ្រឿង។ អគ្គិភ័យនេះពន្លត់ចប់សព្វគ្រប់ ជាស្ថាពរនៅវេលាម៉ោង១០ៈ២៥នាទី ៕


