តាកែវៈ លពីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិសុក្រំ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានករណីហិង្សាមួយ ដោយបុរសម្នាក់ ថ្លើមពាសមេឃ បានដេញវាយកូន និងវាយបំផ្លាញទ្រព្យសម្បត្តិស្ទើរគ្មានសល់ ព្រមទាំងដុតកម្ទេចម៉ូតូមួយគ្រឿងរបស់ម្ចាស់ផ្ទះ គ្រាដែលបុរសនេះមកលេងផ្ទះនេះ ហើយបង្កើតជាទំនាស់ពាក្យសម្តីគ្នាបណ្តិចបន្តួច។ ក្រោយបង្កហិង្សារួច បុរសចិត្តភ្លើងរូបនេះ ត្រូវបាននគរបាលមូលដ្ឋានចា ប់ដាក់ខ្នោះកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ង៉ែម បូរ៉ាល់ ភេទប្រុស អាយុ២៥ឆ្នាំ បានទៅលេងនិងហូបបាយនៅផ្ទះជនរងគ្រោះ ឈ្មោះ សំ វ៉ាញ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ពេលទៅលេងនៅផ្ទះនេះ បានមួយសន្ទុះស្រាប់តែមានទំនាស់ពាក្យសម្តី ជាមួយកូនស្រីម្ចាស់ផ្ទះ រួចបុរសនេះ ក៏បានស្ទុះទៅវាយកូនស្រីម្ចាស់ផ្ទះ តែកូនស្រីម្ចាស់ផ្ទះដឹងខ្លួនទាន់ បានរត់រួចទើបមិនបណ្ដាលឲ្យរងរបួសអ្វីទេ។

ខណៈដែលជនសង្ស័យដេញ វាយកូនម្ចាស់ផ្ទះមិនបាន គេក៏ស្ទុះទៅវាយពាងទឹកបែកអស់ចំនួន២ វាយដំសម្ភារផ្សេងៗក្នុងផ្ទះ និងចាក់សាំងដុតបំផ្លាញម៉ូតូម៉ាក វេវ ពណ៌ក្រហមចំនួន១គ្រឿង របស់ម្ចាស់ផ្ទះទៀតផង។ បន្ទាប់ពីកើតហេតុនេះរួច សមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរសារាយទៅដល់ បានឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីតាមច្បាប់ ៕