ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ១០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងហាង «សែនអាល័យអូន» តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយកូនប្រុសម្ចាស់ហាង KTV សែនអាល័យអូនម្នាក់ មានឈ្មោះ យឹម មុន្នី ហៅ ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជួយលើកភេសជ្ជៈឲ្យភ្ញៀវ ស្នាក់នៅក្នុងក្នុងហាងខាងលើ។ ញៀនថ្នាំដល់កម្រឹត បែកចេញចរិកខ្លាពេញខ្លួន បង្កអុកឡុកក្នុងហាងខ្លួនឯង បោកកែវ ចាន ឆ្នាំង ភ្ញៀវផ្អើលរត់ជាន់ជើងគ្នា ដណ្តើមរកច្រកចេញ ម្តាយទ្រាំលែងបាន មានតែប្តឹងប៉ូលីសចាប់ខ្លួន។ រីឯម្តាយ ឈ្មោះ ឆាយ រុន អាយុ៥៨ឆ្នាំ មុខរបរថៅកែហាង KTV សែនអាល័យអូន។

តាមក្រុមគ្រួសារបានឲ្យដឹងថា កន្លងមកជនសង្ស័យបញ្ចេញនូវចរឹតបែបនេះ ច្រើនលើកច្រើនសារហើយ មកដល់យប់កើតហេតុ ជនសង្ស័យបង្កការអុកឡុកសារជាថ្មី បោកកែវ ទូរស័ព្ទ របស់របរ បង្កឲ្យភ្ញាក់ផ្អើល ម្តាយជាម្ចាស់ហាងទ្រាំលែងបានប្តឹងប៉ូលីសចាប់ខ្លួន។ តាមអ្នកជិតខាងបានឲ្យដឹងថា ភ្ញៀវណាមិនភ័យ បើជនសង្ស័យបញ្ចេញនូវចរឹត កាច បោកកែវ ចាន ឆ្នាំង រឿងអីមិនរត់គេចសិន ដោយសភាពកាន់តែតានតឹង ទើបប៉ូលីសចុះទៅអន្តរាគមន៍ ចាប់ឃាត់ខ្លួន តាមបណ្តឹងរបស់ម្តាយ។

ជនសង្ស័យក្រោយពីសមត្ថកិច្ចចាប់ខ្លួននាំទៅប៉ុស្តិ៍ ទោះជាបន្ទន់ឥរិយាបថបន្តិចមែន សំពះអង្វរម្តាយ កុំឲ្យប្តឹងយ៉ាងណាក្តី តែម្តាយប្រកាន់ជំហរមួយ ស្រឡាញ់កូន មានតែជម្រើសមួយ ដើម្បីឲ្យកូនកែប្រែខ្លួន ទៅជាមនុស្សល្អ រស់នៅក្នុងសង្គមថ្លៃថ្នូរ ត្រូវបានប្តឹងឲ្យប៉ូលីសចាប់ខ្លួនអនុវត្តន៍ទៅតាមនីវិធី ក្នុងហេតុផលច្រើនលើកច្រើនសារមកហើយ ៕

