(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ បើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ស្ថិតនៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់មនុស្ស២នាក់និងចាប់ដកហូតវត្ថុតាងនូវថ្នាំញៀនចំនួន១២៦កញ្ចប់ធំតូច។

តាមអធិការនគរបាលខណ្ឌដូនពេញ លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ បានឲ្យដឹងថាជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១ឈ្មោះ ទន់ ប៊ុនរឹទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។ ទី២ឈ្មោះ ស៊ីន សុខវាសនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ (ប្រើប្រាស់)។

ចំណែកវត្ថុតាងរួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២៦កញ្ចប់ ក្នុងនោះមាន០១កញ្ចប់ធំ, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ននេះ កម្លាំងជំនាញខណ្ឌ និងប៉ុសិ៍្តកំពុងបន្តសួរចម្លើយ ដើម្បីស្រាវជ្រាវបន្តរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕


ដោយៈ ភារ៉ា