ឃើញអ្នកលក់នៅក្មេង ចង់បន្លំលួចកាបួបលុយ មានអីស្រែកថាចោរៗ ផ្អើលប្រជាពលរដ្ឋ និងប៉ូលិសនាំគ្នាដេញចាប់
-

ភ្នំពេញៈ កាលពីវេលាម៉ោង៤ៈ០០នាទីល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ ម្ដុំស្ពានបាក់ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ជនសសង្ស័យម្នាក់ មានឈ្មោះ ម៉េង លាប អាយុ១៩ឆ្នាំ មុខរបរជាងជុសជុលទូរសព្ទ ស្នាក់នៅផ្ទះជួលម្ដុំចម្រុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីរូបគេ បានជិះម៉ូតូមករកទិញឥវ៉ាន់ផ្ទះលក់ចាប់ហ៊ួយ រួចបន្លំយកកាបូបលុយរបស់អ្នកលក់ ជិះម៉ូតូគេចខ្លួន តែត្រូវសមត្ថកិច្ចសហការណ៍គ្នាដេញចាប់បានភ្លាមៗ។ ជនរងគ្រោះមានឈ្មោះ ថន ចាន់តារា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់ភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ។

យោងតាមសម្ដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ដែលពាក់ស្លាក់លេខភ្នំពេញ 1HG-7367 ជិះមកដល់មុខតូបលក់ឥវ៉ាន់របស់ខ្លួន ហើយបានចុះទៅរកទិញសាប៊ូកក់សក់ រួចក៏បានប្រាប់ជនរងគ្រោះថា ទិញដូងត្រជាក់វិញ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យដើរចុះឡើង ក្រោយមកជនសង្ស័យបានប្រាប់ជនរងគ្រោះវិញថា ទិញទឹកសុទ្ធមួយដបសិន ចាំមកពីនោះវិញចាំចូលមកយកដូងត្រជាក់។

ស្រាប់តែពេលជនសង្ស័យជិះម៉ូតូចេញទៅ ជនរងគ្រោះក៏ឃើញជនសង្ស័យកាន់កាបូបលុយរបស់ខ្លួនទៅផងដែរ ទើបជនរងគ្រោះស្រែកៗថា ចោរៗក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចល្បាតក្បែរនោះ នាំគ្នាដេញចាប់បានជនសង្ស័យតែម្ដង។

សម្ភារៈដកហូតរួមមាន កាបូបមួយ មានលុយចំនួន១០ម៉ឺនរៀល និងម៉ូតូរបស់ជនសង្ស័យមួយគ្រឿងម៉ាក PCX ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបាន បញ្ជូនខ្លួនជនសង្ស័យ រួមទាំងសម្ភារៈ មកកាន់អធិការ ដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕