រថយន្ដព្រូស បើកបុកម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង និងបង្កឲ្យមនុស្សរបួសធ្ងន់ស្រាល៤នាក់
-

ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ក្រោយពីបើកម៉ូតូកង់បីឥណ្ឌាឌុបគ្នា ហើយត្រូវរថយន្ដព្រូសមួយគ្រឿងមិនចាំស្លាកលេខ បើកមកបុកពីចំហៀងឲ្យក្រឡាប់ផ្ងារជើងម្ខាង កាលពីនៅវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ៣នាក់ បើកបរក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនល្មម ខណះពេលនោះក៏មានរថយន្ដមួយមួយគ្រឿងម៉ាកព្រូក ពណ៌ទឹកប្រាក់ ដោយពលរដ្ឋប្រាប់ថា ពាក់ស្លាកលេខភ្នំពេញ 2AJ-0394 បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចមកកើត ហើយក៏បានបុកម៉ូតូកង់បីឥណ្ឌាពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងារជើងមួយចំហៀង និងធ្វើឲ្យប្រុសស្រីបីនាក់ជាអ្នកអង្គុយពីក្រោយរងរបួសធ្ងន់ ចំណែកអ្នកបើកបររងរបួសស្រាល ។ ហើយក្រោយកើតហេតុភ្លាមៗឯរថយន្ដបង្កបានបើកគេងបាត់ពីកន្លែងកើតហេតុមិនទទួលខុសត្រូវ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ៣នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យឯកជនភ្លាមៗ ។ ចំណែកម្ចាស់ម៉ុតូកង់បីឥណ្ឌាបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកេងកង១ ដើម្បីឲ្យសមត្ថកិច្ចជួយរកជនបង្កមកដោះស្រាយទៅតាមផ្លូវច្បាប់៕

ដោយៈ ភារ៉ា