រថយន្ដក្រឡុកសុីម៉ង់ត៍ បើកបុករថយន្តកូរ៉ូឡាពីក្រោយរងការខូចខាតរួចប្រកែកគ្នាយកត្រូវរៀងខ្លួន ចុងក្រោយស្រាប់តែ...
-

ភ្នំពេញ៖ រថយន្ដធន់ធំប្រភេទក្រឡុកសុីម៉ង់ត៍ បានបើកបុករថយន្ដកូរ៉ូឡាពីក្រោយបណ្ដាលឲ្យរងការខូចខាតបន្តិចបន្ទួច ហើយតៃកុងរថយន្តទាំង២ បានប្រកែកគ្នារកត្រូវរៀងៗខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាលពីវេលាម៉ោង២២និង១៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដក្រឡុកសុីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ5A-0946 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិចស្របគ្នាជាមួយរថយន្ដកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ2AK-4942 ពណ៍ទឹកប្រាក់ដែលបើកបរដោយនារីម្នាក់។

ប្រភពដដែលបានបន្តថា ខណៈដែលកំពុងបើកបរទន្ទឹមគ្នាស្រាប់តែរថយន្ដកូរ៉ូឡាព្យាយាមបើកវ៉ានិងងាកចង្កូតចូលគន្លងរថយន្ដក្រឡុកសុីម៉ង់ត៍ជាហេតុធ្វើឲ្យរថយន្ដក្រឡុកសុីម៉ង់ត៍ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលប៉ះគូទរថយន្ដកូរ៉ូឡាបណ្ដាលឲ្យខូចខាតបន្តិចបន្ទួច។

ក្រោយពីកើតហេតុភាគីទាំងសងខាងបានចុះពីរថយន្ដប្រកែករកត្រូវរៀងៗខ្លួន បើទោះបីជាមានការសម្របសម្រួលពីសមត្ថកិច្ចយ៉ាងណាក៏ដោយ។ ក្រោយមកទើបសមត្ថកិច្ចទាក់ទងខាងជំនាញចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះធ្វើការវាស់វែងយករថយន្ដទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

ដោយៈ ភារ៉ា