ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់សកម្មបាន៦នាក់នាក់ជាបន្តបន្ទាប់ ក្រោយពីបក្សពួកក្រុមទាំងនេះបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយបណ្តាលអោយជនរងគ្រោះ (ជនជាតិចិន) ដួលរបួស និង៥នាក់ទៀតពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ករណីនេះបានកើតឡើងវេលាម៉ោង២០នឹង១០នាទីយប់ ថ្ងៃ១៧ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
អ្នកបកប្រែភាសាចិនបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ62ឆ្នាំ ជនជាតិចិន បានស្ពាយកាបូបលើស្មារខាងស្តាំ ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ១៥៤ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកCPX១២៥ ពណ៍សស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បណ្តាលអោយជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មារ និងចិញ្ចើមខាងឆ្វេង ហើយជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ ស្របពេលនោះកំលាំង ប៉ុស្តិ៍ជ័យជំនះ ដែលកំពុងល្បាតដល់ចំណុចក្បែរនោះក៏ធ្វើការអន្តរាគមន៍ភ្លាម ដោយជិះម៉ូតូដេញ ប្រផាប់-ចាប់ប្រផីង ធ្វើអោយជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយភ័យធ្លាក់ពីលើម៉ូតូ នឹងបានត្រូវកំលាំងយើងឃាត់ខ្លួនបានភ្លាម រួចនាំមកទីស្នាក់ការប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរតែម្តង ដោយឡែកជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់ ។

បន្ទាប់ពីបានតំរុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កំលាំងយើងបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ឈានដល់បើកកិច្ចប្រតិបត្តិការបន្តតាមចាប់បក្សពួក ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមជាមួយមធ្យោបាយធ្វើសកម្មភាព ។
ជនសង្ស័យត្រូវឃាត់ខ្លួនចំនួន២នាក់ឈ្មោះ ស៊ុន ណាដា ភេទស្រី (ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជិះពីក្រោយធ្វើសកមំភាពឆក់)។ ម្នាក់ទៀតឈ្មោះ ឡោ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (អ្នកបើកម៉ូតូ)។
ជាវិធានការជំនាញដើម្បីជីកឬសគល់ កាប់មែក កាប់ធាង សមត្ថិកិច្ចយើងបានបន្តជាន់យកចម្លើយជនសង្ស័យ នឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តរហូតមកដល់វេលាម៉ោង៥ទាប់ភ្លឺ កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួក នឹងជាសមាសភាពឆក់សកម្មតាមបណ្តាខណ្ឌផ្សេងៗចំនួន០៤នាក់ទៀត (ស្រីចំនួន០១នាក់) ព្រមទាំងជនសង្យ័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥នាក់ (ស្រីចំនួន០១នាក់) ផ្សេងទៀត រួមជាមួយម៉ូតូចំនួន០២គ្រឿងនាំយកមកធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១១នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ដោយៈ ភារ៉ា