បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ចៅហ្វាយក្រុង សាបដូចទឹកទន្លេ រថយន្តធំៗនៅតែបន្តចូលក្នុងក្រុង ទាំងកណ្តាលថ្ងៃ បង្កគ្រោះថ្នាក់ចរាចរណ៍
-

ភ្នំពេញ៖ រថយន្តដឹកទូរកុងតឺន័រខុសទាំងទ្រង់ទ្រាយ ខុសទាំងបច្ចេកទេស បើកបរដោយយុវជនស្ទើរភ្លើងម្នាក់ បណ្តាលអោយប៉ះរថយន្តស៊េរីទំនើបមួយគ្រឿង ហើយហេតុការណ៍បង្កអោយមានការកក់ស្ទះជាច្រើនម៉ោង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ១៦៣កែងនឹងផ្លូវលេខ៣៨៦សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

រថយន្ត FORTUNER ពណ៌សស្លាកលេខភ្នំពេញ2AK-8991ចតនៅលើចិញ្ចើមផ្លូវលេខ៣៨៦ ចំណែករថយន្ត HYUNDAI ដឹកទូរកុងតឺន័រក្បាលរថយន្តស្លាកលេខ3D-8447សណ្តោងកន្ទុយស្លាកលេខភ្នំពេញ4A-1426 ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមិនថារថយន្តកុងតឺន័រដ៏វែងនេះចូលមកក្នងក្រុងតាមច្រកណាទេ បានបង្កអោយមានការកក់ស្ទះយ៉ាងខ្លាំង ហើយពេលដែលមកដ៏ចំណុចកើតហេតុខាងលើ រថយន្តកុងតឺន័រនេះបានបត់ទៅឡើងទៅផ្លូវ១៦៣ស្រាប់តែកន្ទុយកុងតឺន័រ បានជ្រុលទៅប៉ះនឹងរថយន្ត FORTUNER ដែលកំពុងចត បណ្តាលអោយបែកស្តុបនឹងកំពឹតរថយន្តផ្នែកខាងក្រោយយ៉ាងដំណំ។

គួររំលឹកថា កាលពីចុងឆ្នាំ២០១៨ ឯកឧត្តម ឃួ​ង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បាន​លើកឡើងថា​៖ ចាប់ពីពេលនេះ​តទៅ​ឡានធំៗ ចេញ-ចូល​ រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាតិ​ឱ្យមាន​ដាច់ខាត ហើយក៏​លែងឱ្យ​មានការ​កំណត់​ម៉ោង​នេះ​ម៉ោង​នោះ​ចេញ ចូល​ក្រុង​ដូច​មុន​ទៀត​ដែរ ដូចជា​ប័ណ្ណ​អនុញ្ញាតិ​ចេញ ចូល A-B​និង​C​ជាដើម​ត្រូវ​បញ្ចប់​។​ លោក​អភិបាលរាជធានីបានបញ្ជាក់ថា​៖ កន្លងមកនេះរថយន្ត​ ចេញ-ចូល​ រាជធានី​ភ្នំពេញ​បាន​តាមចិត្ត​ឱ្យ​តែមាន​ប័ណ្ណ​អនុញ្ញាតិ​ ចេញ-ចូល​ ក្រុង​ប្រភេទ​ A-B​ និង​C​នេះ បង្ករ​ឱ្យមាន​គ្រោះថ្នាក់​និង​កកស្ទះ​ចរាចរ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង​។ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ​ឡានធំៗ ចេញ-ចូល​រាជធានី​ភ្នំពេញ​ពេល​ថ្ងៃ មិន​អនុញ្ញាតិ​ឱ្យមាន​ដាច់ខាត តែ​អាច​ចេញចូល​ក្រុង​បាន​ចាប់ពី​ម៉ោង ៨ទៅ​៩​យប់បាន។

ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប៉ុន្តែមន្រ្តីក្រោមឱវាទគ្មានអ្នកណាអនុត្តន៍តាម បញ្ជានេះទេ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះវាស់វែង នឹងជួយសម្រួលអោយភាគីរថយន្តដឹកកុងតឺន័រជួយដោះស្រាយសងជាសំណងទៅអោយភាគីរថយន្តFORTUNER ដោយហេតុផលមួយ ជៀសវាងកុំអោយវែងឆ្ងាយ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយៈ ភារ៉ា