ដុត​ធុ​បសែន​ថ្ងៃ​សីល​មិន​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះថ្ម​ក្រោម​ឈើ​លើ​មួយគ្រឿង​ ខ្ទេចគ្មានសល់ រង់របួសមនុស្ស២នាក់
-

កំពង់ចាម​៖​ នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៩​និង​១៥​នាទី​ លោក​អធិការ​នគរបាល​ស្រុក​ចំការលើ​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​អគ្គិភ័យ​ (​ភ្លើង​ឆេះ​ផ្ទះ​)​ នៅ​ចំណុច​ភូមិ​ថ្នល់​បែក​កើត​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ថា​មាន​ភ្លើង​ឆេះ​ផ្ទះ​ របស់​ឈ្មោះ​ *​វេ​ង​ ងា​ន់​សេង​*​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ ភូមិ​ថ្នល់​បែក​កើត​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ លោក​អធិការ​នគរបាល​ស្រុក​ចំការលើ​ បាន​ដឹកនាំ​កម្លាំង​ និង​បាន​បញ្ចេញ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ របស់​អធិការដ្ឋាន​ ១​គ្រឿង​ ចុះ​ទៅ​កន្លែង​កើតហេតុ​ ។​ ហើយ​លោក​អធិការ​ស្រុក​ចំការលើ​ បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ដ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ បាន​បញ្ជា​អោយ​រថយន្ដ​ពន្លត់អគ្គីភ័យ​ របស់​ស្នងការដ្ឋាន​ខេត្ត​ ១​គ្រឿង​ ,​អធិការដ្ឋាន​ស្រុក​កំពង់សៀម​ ១​គ្រឿង​ និង​របស់​អធិការដ្ឋាន​ស្រុក​ស្ទឹង​ត្រង់​ ១​គ្រឿង​ ដើម្បី​ការពារ​កុំអោយ​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត​ ។​

​ហេតុការណ៍​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ ចំនួន​ ៤​ គ្រឿង​ អស់​ទឹក​ចំនួន​ ៦​ រថយន្ដ​ (​អធិការដ្ឋាន​ស្រុក​ចំការលើ​ ១​ គ្រឿង​ អស់​ទឹក​ ៣​ រថយន្ដ​ ,​ស្នងការដ្ឋាន​ ១​ គ្រឿង​ អស់​ទឹក​ ១​ រថយន្ដ​ ,​ស្រុក​កំពង់សៀម​ ១​ គ្រឿង​ អស់​ទឹក​ ១​ រថយន្ដ​ និង​ស្រុក​ស្ទឹង​ត្រង់​ ១​ គ្រឿង​ អស់​ទឹក​ ១​ រថយន្ដ​)*​ ទើប​រលត់​អស់​ នៅ​វេលា​ម៉ោង​១២:០០​នាទី​ នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

​ករណី​នេះ​បណ្តាល​អោយ​របួស​មនុស្ស​កំរិត​ស្រាល​ ចំនួន​២​នាក់​ ដោយសារ​រលាក​អណ្ដាតភ្លើង​:​ ១.​ឈ្មោះ​ *​សឹ​ប​ គឹ​ម​ស៊ី​*​ ភេទ​ស្រី​ អាយុ​ ៦៤​ឆ្នាំ​ (​ជា​ម្ដាយ​)​ ២.​ឈ្មោះ​ *​អែន​ ស្រី​ទូច​*​ ភេទ​ស្រី​ អាយុ​ ៣៤​ ឆ្នាំ​ (​ជា​កូន​)​ និង​ឆេះ​អស់​ផ្ទះ​ ១​ខ្នង​ ទំហំ​ ៦​ម៉ែត្រ​ x​ ១៤​ម៉ែត្រ​ សង់​ពី​ឈើ​ប្រក់​ក្បឿង​ ថ្ម​ខាងក្រោម​។​

​សម្ភារ​បាត់បង់​រួម​មាន​ ៖​ ប្រាក់​៣០​ម៉ឺន​រៀល​ ,​គ្រែ​៣​ ,​ទូរ​ខោអាវ​៥​ ម៉ាស៊ីនបោកខោអាវ​១,​ ទូរ​ទឹកកក​១,​ ស្រូវ​១៥​បេ​,​ ទូរទស្សន៍​ ៣​គ្រឿង​ ដោយ​មូលហេតុ​ បណ្តាល​មក​ពី​ភ្លើង​ធូប​ អុច​ថ្ងៃសីល​ ៕

ប្រភព៖ នគរបាលជាតិ