ប្រជាពលរដ្ឋនៅឃុំទំនប់ធំ កើតទុក្ខមិនសុខចិត្ត ចំពោះព្រះចៅអធិការវត្ត អង្គរបារាយណ៍ រៀបរបងបិទផ្លូវ មិនឲ្យពួកគាត់ធ្វើចរាចរណ៍
-

កណ្ដាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល កើតទុក្ខមិនសុខចិត្តចំពោះព្រះចៅអធិការវត្ត អង្គរបារាយណ៍ បានជួលជាងរៀបរបង បិទផ្លូវដែលប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមករាល់ថ្ងៃ បើទោះបីជាប្រជាពលរដ្ឋស្នើរសុំឲ្យបើកផ្លូវខាងលើ ម្ដងហើយម្ដងទៀតក៏ដោយ តែព្រះចៅអធិការវត្តខាងលើបានសង់បិទផ្លូវរួចរាល់ទៅហើយ។

បើតាមការបញ្ជាក់ពីលោក ឌី ប៊ុនធឿន ដែលជាជំនួយការភូមិ ត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្ដាល បានរៀបរាប់ប្រាប់ក្រុមសារព័ត៌មានឲ្យដឹងថា លោកពិតជាហួសចិត្ត និងទង្វើដែលព្រះចៅអធិការវត្តអង្គរបារាយណ៍ធ្វើទង្វើបែបនេះ បានជួលជាងឲ្យមកសង់របងបិទផ្លូវសាធារណៈបែបនេះ ខណៈដែលប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមករាល់ថ្ងៃ ហើយបែជាទៅឆូសឆាយផ្លូវវាងឲ្យ ពួកគាត់ធ្វើចរាចណ៍ទៅវិញ ដោយមិនបានផ្តល់ដំណឹងជូនដល់ពុទ្ធបរិស័ទ្ធចំណុះជើងវត្តអ្វីបន្ដិចណាសោះឡើយ ។

លោកបន្ថែមថាចំពោះផ្លូវវាងនោះជាកន្លែងដែលគេបោះឆ្អឹងខ្មោចក្រោយ ពេលដែលគេបូជារួច ម្យ៉ាងវិញទៀតផ្លូវនេះកាច់កុងចុះឡើងឆ្ងាយពីវត្តហើយស្ងាត់ ពិបាកដល់ក្មេងៗដែលមកពីសាលារៀនវិញនៅពេលល្ងាចៗព្រោះពួកគេខ្លាចចំពោះតំបន់ផ្លូវវាងនោះ លោកបានឲ្យដឹងទៀតថា ចំពោះផ្លូវវាងនោះហាក់អសន្ដិសុខ វាងាយស្រួលដល់ជនឈ្លាតឱកាសថែមទៀតផង។

លោកបន្ដថា កន្លងមកលោកបានទៅនិយាយជាមួយព្រះតេជគុណដែលជា ព្រះចៅអធិការវត្តអង្គរបារាយណ៍ ជាច្រើនលើកច្រើនសារមកហើយ ដើម្បីកុំឲ្យព្រះអង្គបិទផ្លូវនោះព្រោះវាជាផ្លូវសាធរណៈរួមគ្នាដែល វត្តស្នើរសុំប្ដូរជាមួយផ្លូវរបស់រដ្ឋដែលឆ្លងកាត់កណ្ដាលវត្តពីមុនមក ដើម្បីមកសាងសង់ផ្លូវសាធារណៈដែលជាកម្មសិទ្ធិរដ្ឋឲ្យនៅក្រៅវត្តវិញដែលមានទទឹង ១៥ម៉ែត្រ។ តែផ្ទុយទៅវិញមកទល់បច្ចុប្បន្ននេះ បែជាព្រះចៅអធិការវត្តខាងលើ បានសង់របងបិទផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋធ្វើចរាចរណ៍ នឹងអាស្រ័យផលស្រែចម្ការរបស់ពួកគាត់ទៅវិញ ។

ចំណែកលោក សួន ផាត ដែលជាមេភូមិកំណប់ ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្ដាល ក៏បានឲ្យដឹងដែរថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរបស់លោកជាង ៩០% ទៅហើយដែលមិនពេញចិត្តនូវទង្វើ របស់ព្រះចៅអធិការវត្តអង្គរបារាយណ៍នេះ ដែលធ្វើអ្វីមិនដែលពិភាក្សាជាមួយគណៈកម្មាការវត្តនោះទេ ម្យ៉ាងវិញទៀតព្រះអង្គរតែងធ្វើអ្វីដោយអង្គរឯង ប្រជាពលរដ្ឋហាក់ងឿងឆ្ងល់ថា ចុះហេតុអ្វីបានសុខៗបិទផ្លូវដែលពួកគាត់ធ្លាប់ធ្វើចរាចរណ៍តាំងពីយូណាស់មកហើយនោះ លោកបានឲ្យដឹងទៀតថា បើព្រះអង្គរចង់ធ្វើរបងការពារដីវត្ត ចុះហេតុអ្វីចាំបាច់បិទផ្លូវសាធារណៈដែលវត្តបានដោះដូរជាមួយផ្លូវរដ្ឋដែលឆ្លងកាត់កណ្ដាលវត្តកាលពីមុននោះដែលមានទទឹង ១៥ម៉ែត្រធ្វើអ្វី? លោកបានឲ្យដឹងដែថា កន្លងមកខាងអាជ្ញាធរភូមិ និងឃុំបានទៅសុំការអន្ដរាគមន៍ពីលោកអភិបាលស្រុកដែរតែហាក់មិន មានចំណាត់ការជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរបស់ពួកគាត់សោះ គាត់បានត្រឹមរង់ចាំការសន្យាខ្យល់របស់លោកអិបាលស្រុកថា និងដោះស្រាយជូនពួកគាត់ ប៉ុន្ដែផ្ទុយទៅវិញផ្លូវនោះត្រូវព្រះចៅអធិការវត្តអង្គរបារាយណ៍សង់របងបិទផ្លូវដដែល។ គាត់បានឲ្យដឹងទៀតថា តើឲ្យពួកគាត់រំពឹងអ្វី? បើសូម្បីតែអភិបាលស្រុកក៏គ្មានសមត្ថភាពក្នុងការដោះស្រាយនូវរឿងតូចតាចនេះជូនប្រជាពលរដ្ឋផងនឹង។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ដែលរស់នៅភូមិ ឃុំខាងលើក៏បានឲ្យដឹងដែរថា លោកមិនពេញចិត្តនូវការបិទផ្លូវនេះទេ ខណៈដែលពួកគាត់បានផ្លូវតាំងពីបុរាណនេះហើយដែលបានធ្វើចរាចរណ៍រាល់ថ្ងៃ ចុះហេតុអ្វីបានព្រះសង្ឃសង់របងបិទទៅវិញ? វាដូចជាមិនសមហេតុផលទាល់តែសោះ លោកបន្ដថា សូមមេត្តាអាជ្ញាធរ និងថ្នាក់ដឹកនាំសូមមេត្តាជួយអន្ដររាគមន៍ទៅលើបញ្ហានេះផង ឬក៏ដេកលក់អស់ទៅហើយ ឯណាទៅថាអ្នកបំរើរាសស្ដ្រនោះ តាមដែលសម្ដេចតេជោបានលើកឡើងកន្លងមកនោះ?

ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ដា ដែលរស់នៅកូមិឃុំខាងលើក៏បានឲ្យដឹងដែរថា តាមពិតទៅព្រះចៅអិការវត្តអង្គបារាយណ៍ នេះធ្វើដូច្នេះពិតជាមិនសមទាល់តែសោះ លោកបានបន្ដថាតាមពិតផ្លូវនេះមិនមែនជារបស់វត្តនោះទេ ជាផ្លូវរបស់រដ្ឋដែលមានទទឹង ១៥ម៉ែត្រ ដែលវត្តបានសុំធ្វើការដោះដូរជាមួយផ្លូវរដ្ឋដែលបានឆ្លងកាត់កណ្ដាលវត្តកាលពីមុន ដោយវត្តមិនចង់ឲ្យមានផ្លូវឆ្លងកាត់កណ្តាលវត្ត ដើម្បីកុំឲ្យមានភាពរញ៉េរញៃដល់ព្រះសង្ឃ ក៏សុំឲ្យប្ដូរផ្លូវរដ្ឋមកបញ្ជៀសខាងក្រៅវត្តវិញ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕

ដោយៈ ភារ៉ា