បងប្អូនមើលទៅ នេះហើយប្លង់រឹង១២គ្រួសារ របស់អភិបាលខេត្តកំពត ជូនជាដំណឹង! ពេលនេះឡានដឹកដីជាង៥០គ្រឿង កំពុងសម្រុកចាក់ដី លើឆកសមុទ្រ លប់ព្រៃកោងកាង ដែលគ្មានមនុស្សរស់នៅ.... (មានវីដេអូ)
-

កាលពីព្រឹកម៉ោង១០ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក រួមទាំង ឯ.ឧ សេង គុណ និង ឯ.ឧ ម៉ុកចាន់វាសនា ជាមន្ត្រីលេខាធិការដ្ឋានរបស់ឧត្តមក្រុមប្រឹក្សាបានចុះដល់ ភូមិបឹងតាព្រាម សង្កាត់ត្រីយកោះ ក្រុងកំពត ខេត្តកំពត ពិនិត្យជាក់ស្ដែងចំពោះករណីមានការបោះបង្គោលជាឡូត៍ ចូលសមុទ្រនឹងមានប្លង់កម្មសិទ្ធ។

ក្រោយបានចុះផ្ទាល់ដល់ទីតាំង យេីងពិនិត្យឃេីញថា ទីនោះជាឆកសមុទ្រ និងពិតជាមានបង្គោលស្កេកស្កេះប្រាកដមែន ជាពិសេសមានការកាប់ដេីមកោងកាងនិងចាក់ដីលុបថែមទៀតផង ហេីយតំបន់នោះពុំមានពលរដ្ឋរស់នៅជាក់ស្ដែងនោះទេ ក្នុងអំឡុងពេលចុះពិនិត្យ ចំនួន១ម៉ោង៤០នាទី ក្រុមការងារយេីងបានឃេីញឡានដឹកដីចំនួន៥០គ្រឿង ចូលចាក់ដីជាបន្តបន្ទាប់ លេីផ្ទៃដែលបោះបង្គោលក្នុងសមុទ្រ និងផ្ទៃដែលបានចាក់ដីរួច គឺចំនួនជាង២០ហិចតា។

យោងលេី google map គឺតំបន់នោះជាឆកសមុទ្រ ហេីយនៅពេលក្រុមការងារឈរលេីដីដែលចាក់ក្នុងសមុទ្ររួច គឺ google map បានបង្ហាញថា ក្រុមការងារកំពុងឈរលេីសមុទ្រដែលមានចំងាយពីច្រាំងប្រមាណ ៥០០មែត្រ ។

ឯការអះអាងរបស់អភិបាល នៃគណអភិបាលខេត្តកំពត ថាដីនេះជាដីមានប្លង់កម្មសិទ្ធ នឹងមានឯកសាគតិយុត្តិផ្ដល់ពីរាជរដ្ឋាភិបាល តែក្រុមការងារយេីងខ្ញុំបានទាក់ទង ដេីម្បីជួបអភិបាលខេត្តអោយបំភ្លឺករណីនេះ ពាក់ព័ន្ធនឹងមូលដ្ឋានដំបូង ថាតេីគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឈរលេីមូលដ្ឋានអ្វីខ្លះ ដែលជំរុញអោយមានការស្នេីរសុំឆកសមុទ្រនេះ ទៅរដ្ឋាភិបាលផ្ដល់ប្លង់កម្មសិទ្ធដីធ្លីទៅវិញ តែលោក ជាវ តាយ ប្រាប់ថារវល់ បន្ទាប់មកយេីងខ្ញុំទាក់ទងចូលតែចុចបិទទូរស័ព្ទ ទាក់ទងលែងចូល។

ជុំវិញករណីនេះពលរដ្ឋរិះគន់ថា វាផ្ទុយពីរដ្ឋធម្មនុញ្ញមាត្រា៥៨ ព្រោះប្រសិនជាឆកសមុទ្រនេះ ទទួលបានសិទ្ធសម្បទាន ក៏មិនមានប្លង់ដែរ តែបេីសមុទ្រមានប្លង់ ហេីយមានការអះអាងថា ជារបស់ពលរដ្ឋទៅទៀត ទេីបជំរុញអោយក្រុមការងារយេីងមកពិនិត្យអោយច្បាស់។ មកដល់ពេលនេះ យេីងខ្ញុំទទួលបានតម្រុយ ភស្តុតាងគ្រប់គ្រាន់ ឈានដល់ការកសាងរបាយការណ៍ជូនរដ្ឋាភិបាលជ្រាបបន្ថែម ៕