ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំពោះសំណុំរឿងជនត្រូវចោទឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ភេទប្រុស ពាក់ព័ន្ធពីបទញុះញង់ ឲ្យមានការរើសរើង ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមសំណុំរឿងនេះ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។

នៅចំពោះមុខអង្គសវនាការ ជនត្រូវចោទឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ បានសារភាពកំហុស និងបានលើកដៃប្រណមសុំទោសប្រជាពលរដ្ឋខ្មែរទាំងអស់ ចំពោះការប្រើប្រាស់ពាក្យ សម្តីមិនសមរម្យ ចំពោះប្រមាថពូជសាសន៍ខ្មែរ ។ នៅក្នុងផងដែរ ជនជាប់ចោទ ក៏បានស្នើសុំតុលាការឲ្យយលើកលែងការចោទប្រកាន់ បន្ធូរបន្ថយទោសដល់រូបគេ ដើម្បីបាននៅក្រៅឃុំវិលទៅរស់ក្នុងសង្គម និងក្រុមគ្រួសារឡើងវិញ។

ចំប៉ីខ្មៅ ត្រូវបានលោក លោក ម៉ៅ ស៊ីណា ជាចៅក្រមជំនុំជម្រះ និងលោក គុជ គឹមឡុង ជាតំណាងអយ្យការ នៃសាលសំបូងរាជធានីភ្នំពេញ ដោយបានចោទសួរដេញដោល ទៅលើ ជនជាប់ចោទ យិន ហេង។

ជនសង្ស័យឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ភេទប្រុស មានអាយុ២៣ឆ្នាំ កើតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលជាជនសង្ស័យល្បីល្បាញក្នុងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធរឿងជេរប្រមាថជាតិសាសន៍ខ្មែរ។

លោក យិន ហេង ហៅចំប៉ីខ្មៅ ដែលបង្ហោះវីដេអូជេរប្រមាថពូជសាសន៍ខ្មែរផ្អើលពេញបណ្តាញសង្គម Facebook ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩។

គួរបញ្ជាក់ផងដែរថា វិដេអូនិងសារដែលចំប៉ីខ្មៅបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលោកបានរៀបរាប់ថា " ជូនទៅពូជអាខ្មែរតិរិច្ឆាន ៣នាក់ ដែលជិះម៉ូតូមកខោកក្បាលខ្លួនតាមផ្លូវ និងមានភ្ជាប់ឃ្លីបវីដេអូ មានរយៈពេល១នាទី ៥៣វិនាទី ដោយជេរទៅលើក្រុមជនបង្កដែលបានខោកក្បាលខ្លួន៦ក្រញ៉នោះ"។ ក្រោយពីមានការបង្ហោះវិដេអូ ជេរប្រមាថពូជសាសន៍ខ្មែររួចមក ធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការខឹងសម្បារជាខ្លាំង និងសូមឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងថ្កោលទោសចំពោះបុគ្គលផងដែរ។

តាមចម្លើយសារភាពរបស់ ជនជាប់ចោទរូបនេះគឺ មូលហេតុដែលធ្វើឲ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានជនអនាមិកចំនួន៣នាក់ បានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន៣ដង (៣ក្រញ៉) ដោយមិនដឹងមូលហេតុ៕