ឡូយម្លេះទេ ! បន្ទាប់ពី មេចុងភៅខ្មែរ ដណ្តើមបានមេដាយមាស និងពានមាស មកជូនជាតិ ដង្ហែរផ្អើល ក្រុងសៀមរាប
-

អបអរសាទរ ការទទួលបានពានមាស ជ័យលាភីពីការប្រគួតស្នាដៃចុងភៅឆ្នើម ក្នុងកម្មវិធី ( Best Asian Gourmet Challenge )  របស់សមាគមចុងភៅកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ

នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាបឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យប្រតិភូសមាគមចុងភៅកម្ពុជា ចូលជួបសម្តែងការគួសម និងបានឧបត្ថម្ភទឹកប្រាក់ចំនួន ៤លានរៀល ដល់សមាគមចុងភៅកម្ពុជា។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបង្ហាញនូវក្តីមោទនភាពក្រៃលែង ចំពោះការនាំមកនូវកិត្តិយសនិងមោទនភាពជាតិ របស់សមាគមចុងភៅកម្ពុជា ដែលបានទទួលពានជ័យលាភី និងមេដាយគ្រប់កម្រឹតថ្នាក់ជាច្រើនទៀត ក្នុងការប្រឡងប្រគួតប្រជែងរសជាតិម្ហូបអាស៊ី ( Best Asian Gourmet Challenge ) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីពេលកន្លងមកថ្មីៗនេះ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះសមាគមចុងភៅកម្ពុជា ដែលបានជ្រើសរើសយកម្ហូបខ្មែរពិសេសៗចំនួន១០មុខ ទៅចូលរួមក្នុងការប្រកួតនោះ។ ឯកឧត្តមបញ្ជាក់ថាអ្វីដែលត្រូវបានទទួលជ័យលាភីនេះ វាមិនត្រឹមតែកើតចេញពីទេព កោសល្យ ជំនាញវិជ្ជាជីវៈជាអ្នកធ្វើម្ហូបប៉ុណ្ណោះទេ តែការជ្រើសរើសមុខម្ហូបវាក៏ជាចំណែកនៃការទទួលបានពិន្ទុល្អនោះផងដែរ។


 ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ជ័យលាភីនេះគឺសំដៅទៅលើរស់ជាតិនៃម្ហូបខ្មែរ ក្រោមការចម្អិនផ្សំរសជាតិ ដោយអ្នកជំនាញធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជា ។ ក្នុងនោះឯកឧត្តមក៏បានរំលឹកផងដែរ ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៤ ដែលជាឆ្នាំទី២នៃការបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមស្នាដៃផលិតដោយសមាគមចុងភៅកម្ពុជានូវនំអន្សមយក្ស ត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាឯកទគ្គកម្មពិភពលោក។

បើយោងតាមសេចក្តីរាយការណ៍របស់ លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និង ជាអ្នកដឹកនាំចូលរួមការប្រកួតនេះ បានឲ្យដឹងថា មុខម្ហូបខ្មែរចំនួន១០មុខ ត្រូវបានដាក់ចូលក្នុងការប្រគួតនេះ មុខម្ហូបទាំងនោះរួមមាន ញ៉ាំក្រូចថ្លុងជាមួយបង្គារទន្លេ សម្លរប្រហើរត្រីឆ្អើរ អាម៉ុកត្រី ឆាកង្កែបម្រេចកំពត គ្រំបំពងជ្រក់ស្វាយ សាច់គោអាំងទឹកប្រហុក ការីសាច់ មាន់ ខប៉េងប៉ោះ បាយសំរូបសណ្តែកខ្មៅ និង បង្អែមសង់ខ្យាល្ពៅ។

ក្នុងឱកាសអបអរសាទរការទទួលបានពានមាស ជ័យលាភីពីការប្រគួតស្នាដៃចុងភៅឆ្នើម ក្នុងកម្មវិធី Best Asian Gourmet Challenge របស់សមាគមចុងភៅកម្ពុជា ក៏មានធ្វើពិធីដង្ហែនូវ ពានមាសជ័យលាភី តាមក្បួនរថយន្ត ម៉ូតូ ដោយមានសមាជិកសមាគមចុងភៅកម្ពុជា មន្ត្រីរាជការ គរុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ប្រមានជាង ១ពាន់នាក់ចូលរួម ដោយអមទៅដោយម៉ូតូប៉ូលីស និង ក្រុមឆៃយ៉ាំកំដរ ដង្ហែទៅតាមបណ្តាដងវិថីនានាក្នុង ក្រុងសៀមរាប ក្នុងការបង្ហាញភាពជោយជ័យរបស់សមាគមចុងភៅកម្ពុជា ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងមហាជនក្នុងខេត្ត តាមរយៈនៃការចូលរួមប្រគួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ។