លោក Scott Neeson ថា មានពេលខ្លះ ក្តីសុបិន្តរបស់មនុស្សយើង គឺលើសពីការពិតទៅទៀត
-

បុរសម្នាក់ដែលឆក់យកបានក្តីស្រលាញ់​ និងការគោរព សរសើរ​ ពីសំណាក់កូនខ្មែរជាច្រើន និងជាបុរសម្នាក់ ដែលមានគុណបំណាច់ចំពោះកូនខ្មែរ ដែលរស់នៅក្នុងតំបន់គំនរសម្រាម​ ព្រមទាំងផ្គត់ផ្គង់ដល់ការសិក្សា កន្លែងស្នាក់នៅ រហូតដល់ពួកគាត់បានសម្រេចគោលបំណង ទៅតាមអ្វីដែលពួកគាត់ចង់បាន។ ហើយអ្វីដែលកាន់ពិសេសនោះ គឺធ្វើឲ្យពួកគាត់បានរួចផុតពីក្តីទុក្ខវេទនា ក្នុងការរស់នៅក្នុងជីវិតដល់ខ្មៅងងឹតនោះ។


Scott Neeson​ គឺជាស្ថាបនិក​អង្គការ​ មូលនិធិ​កុមារ​កម្ពុជា (CCF) ដែលបានជួយដល់កូនខ្មែរជាច្រើន​ បានទទួលការរៀនសូត្រ និងមានកន្លែងជ្រកកោន ព្រមទាំងបានធ្វើឲ្យក្មេងជាច្រើន មានអនាគតតាមបំណងប្រាថ្នា។ ហើយក៏មានកូនខ្មែរជាច្រើន បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អមួយនេះ គ្មានថ្ងៃអាចបំភ្លេចបាន។


កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក បានបង្ហោះសារថា "មានពេលខ្លះ ក្តីសុបិន្តរបស់មនុស្សយើង គឺលើសពីការពិតទៅទៀត។


ប្រសិនបើត្រលប់ក្រោយទៅឆ្នាំ២០០៦ ខ្ញុំធ្លាប់បានទៅសួរសុខទុក្ខសុភីដល់ផ្ទះ នៅលើទីលានចាក់សម្រាមជា​ទៀងទាត់។ រាល់ពេលការទៅសួរសុខទុក្ខទាំងនេះមិនដែលមានរឿងសប្បាយទេ ប៉ុន្តែវាជាការចាំបាច់។


ដូចដែលរូបភាពខាងលើគេបង្អស់បានបង្ហាញហើយ​ ក្នុងនោះមានរូបខ្ញុំពាក់អាវយឺតព៌ណខៀវ។

កាលពី សុភី​ អាយុ១១ឆ្នាំ នាងមិនទាន់បានចូលរៀននៅឡើយទេ។​ស្រដៀងគ្នានឹងក្មេងដទៃទៀត​នៅតំបន់​នេះ អ្វីដែលពួកគេត្រូវធ្វើគឺចាប់យកឱកាសសិក្សា ហើយសុភីបានចាប់យក​ឱកាស​សិក្សា​នេះនិងទទួល បានជោគជ័យក្នុងកាសិក្សាយ៉ាងឆាប់រហ័ស។


ឆ្លងកាត់ជីវិតដ៏លំបាកលំបិនតាំងពីក្មេងមក សុភី​ បានក្លាយជាសិស្សដំបូងបង្អស់របស់​អង្គការ​មូល​និធិកុមារ​កម្ពុជា ​ដែលទទួលបានអាហារូបករណ៍ពេញពីសកលវិទ្យាល័យ​ដ៏មាន​កិត្យានុភាពមួយគឺ​សកលវិទ្យាល័យ​មែលប៊ន​( Melbourne )។


ហើយកាលពីម្សិលមិញនេះ សុភីបានបញ្ចប់ការសិក្សាថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅមហាវិទ្យាល័យ​Trinity និងចាប់ផ្តើមថ្នាក់បរិញ្ញាបត្ររបស់នាងបន្តទៀត។ សុន្ទរកថារបស់នាង​ពិតជាធ្វើឲ្យយើងរំជួល​ចិត្ត​មែនទែន និង​មានភាពបើកចំហ​ និងការលើកទឹកចិត្ត។


តើភាពជោគជ័យមួយនេះគួរតែបានយកមកពិចារណា រាល់ពេលយើងជួបនឹងបញ្ហាប្រឈមប្រចាំថ្ងៃ​ដែរ​ឬទេ? សូមចូលរួមអបអរសាទរ សុភី ដែលនាងបានបង្ហាញអោយយើងទាំងអស់ឃើញថា កុមារគ្រប់​រូប​អាច​មាន​សមត្ថភាពធ្វើបាន។


សូមជួយចែករំលែកភាពជោគជ័យនេះដល់អ្នកដែលត្រូវការ ការជំរុញទឹកចិត្ត។


ប្រភព៖ Scott Neeson