ឡើងម្តងហើយមិនរួច ក៏បើកសាកល្បងឡើងចំណោតកំពង់ដរម្តងទៀត សង្ស័យច្រឡំជាន់ហ្គែថយក្រោយ បុករះមនុស្សចំនួន៥នាក់ រងរបួស​ធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្លាម... ​
-

កំពង់ចាម៖ កាលពីវេលាម៉ោង៥ ល្ងាច​ថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០១៩ មនុស្សចាស់ក្មេងជាច្រើននាក់ បានរងរបួសធ្ងន់ និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក្រោយពីមន្រ្តីយោធា ២ម្នាក់ សង្ស័យច្រឡំដាក់លេខ ថយក្រោយរួចជាន់ហ្គែរខ្លាំង ចុះពីកំពង់ដរព្រែកពោធិ៍ បុកផ្ទប់មនុស្សនៅលើសាឡាងទាំងកំរោល ដែលហេតុការណ៍បានកើតឡើងនៅចំណុច ក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធោ ខេត្តកំពង់ចាម។ 

អ្នកបើកបរមានឈ្មោះថា ទួន អាន អាយុ៤៨ឆ្នាំ ជាមន្រ្តីយោធានៅភូមិភាគ២ រស់នៅភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។

រីឯជនរងគ្រោះទាំង៥នាក់នោះ មានឈ្មោះថា ឈ្មោះ ឈិន គឹមស្រ៊ាង ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិស្វាយកណ្ដាល ឃុំស្វាយខ្សាច់ភ្នំ, ទី២  ឈ្មោះ ហួត លាងហុង ភេទប្រុស អាយុ២ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ , ទី៣  ឈ្មោះ ហួត លាងហួរ ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍, ទី៤  ឈ្មោះ សាំង រីម ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិតាគាត់ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងទី៥  ឈ្មោះ ចាន់ អេង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិប្រថ្នល់ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។ ពេលនេះ កំពុងតែសម្រាកនៅមន្ទីរពេទ្យស្រុកស្រីសន្ធរ និង ៤នាក់ទៀតត្រូវបញ្ជូនទៅភ្នំពេញ។ សុទ្ធតែជាអ្នកធ្វើដំណើរ និងតៃកុងទូក។

អ្នកនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តម៉ាក Lexus RX330 បើឡើងច្រាំង តែដោយសារច្រាំងចោទខ្លាំងពេក ក៏រអិលថយក្រោយ ពេលនោះរថយន្តបង្កក៏បានបើកសាកល្បងឡើងម្តងទៀត ស្រាប់តែជាប់ផុងតៃកុងទូកដើរទៅស៊ីញ៉ូរថយន្តចូលទូកម្ដងទៀត ទើបរថយន្តជ្រុលហ្គែ ជាន់ថយក្រោយបុកជនរងគ្រោះទាំង៥នាក់ជាបន្តបន្ទាប់ បុកផ្ទប់នឹងជណ្ដើរឡើងលើដំបូលទូក ហើយប៉ើងបុកនឹងបង្កាន់ដៃទូក តែម្តង។

ក្រោយពេលកើតហេតុមន្រ្តីយោធារូបនេះ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយ និងបញ្ជូនសំណុំរឿងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តទៀត ខណៈជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ៕