នៅថ្ងៃឆ្លងឆ្នាំ មានមនុស្សម្នាជាច្រើន បានធ្វើដំណើរកម្សាន្ត ទៅតាមតំបន់ និងខេត្តនានា ទៅតាមចំណងចំណូលចិត្ត ដែលខ្លួននិងក្រុមគ្រួសារ បានរៀបចំគំរោងទុក ដើម្បីបានជួបជុំគ្រួសារ ប្រកបដោយភាពសប្បាយរីករាយ ។ ដោយឡែកនៅក្នុងថ្ងៃឆ្លងឆ្នាំ តារាចម្រៀងជាច្រើន មិនបានទៅជួបជុំគ្រួសារ ឬ មិត្តភក្តិ នោះទេ គឺពួកគាត់ត្រូវបានគេអញ្ជើញឲ្យទៅច្រៀង បំពេរអារម្មណ៍របស់មហាជន ដែលកំពុងតែសប្បាយរីករាយនោះ ឲ្យកាន់តែសប្បាយរីករាយមួយកម្រិតទៀត ព្រមទាំងបានរាំកំដរបរិយាកាស នៅក្នុងថ្ងៃឆ្លងឆ្នាំផងដែរ។
បើយើងងាកមកមើលតារាចម្រៀងវ័យក្មេង ដែលទើបតែជួបរឿងធំមួយ ដែលធ្វើឲ្យមហាជនមានការអាណិតជាខ្លាំងនោះ ក៏ត្រូវបានទៅច្រៀងដើម្បីកំដរអារម្មណ៍មហាជនផងដែរ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Jerm Dancer បានបង្ហោះវិដេអូ ពីសកម្មភាពរបស់តារាចម្រៀងនាយ ចឹម ដែលកំពុងតែធ្វើដំណើរទៅច្រៀងកំដរអារម្មណ៍ និងបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយផងនោះ ប្រឹងរត់ផង ដើរផង ដើម្បីឲ្យទាន់ពេល ព្រោះថា ផ្លូវស្ទះខ្លាំង មិនអាចធ្វើដំណើរ ទើបលោក សម្រេចចិត្តចុះពីរថយន្ត ដើរផង រត់ផង ដើម្បីឲ្យទាន់កម្មវិធី។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង ស្មានតែមានរឿងអ្វី ទើបតារាប្រុសរូបនេះ រត់យ៉ាងតក់ក្រហល់ នៅក្នុងឈុតសំលៀកបំពាក់តារាចម្រៀងបែបនេះ ។ យ៉ាងណាមិញ នៅក្នុងវិដេអូ ក៏បានបញ្ជាក់ថា លោកប្រញាប់ឲ្យទាន់កម្មវិធី ទើបត្រូវចុះដើរ ព្រោះថាផ្លូវពិតជាមានការកកស្ទះខ្លាំងណាស់៕
សូមទស្សនាវិដេអូទាំងអស់គ្នា៖
ប្រភព៖ Jerm Dancer