ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំអគារនៅខេត្តកែប បណ្តាលឲ្យមនុស្សជាច្រើន បានស្លា ប់បាត់បង់ជីវិត និងរបួស។ ដោយសារតែការមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្រ្ត ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានថវិកាប្រមាណ ៤៧,៥០០ដុល្លារអាមេរិក ជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារផងដែរ។
បើយោងតាមគណនីហ្វេសប៊ុកព្រះបរមរាជវាំង បានឲ្យដឹងកាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ថា "ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ៤៧៥០០ដុល្លារអាមេរិក ជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប ចំនួន ៥៩នាក់ ដែលក្នុងនោះចំពោះជនរងគ្រោះចំនួន ៣៦នាក់ដែលបានស្ លាប់បាត់បង់ជីវិត ក្នុងម្នាក់ៗទទួលបាននូវព្រះរាជទ្រព្យចំនួន ៤លានរៀល និងអ្នកនៅរស់រានមានជីវិតចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ក្នុងម្នាក់ៗទទួលបាននូវព្រះរាជទ្រព្យចំនួន ២លានរៀល។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជហឫទ័យសោកស្តាយយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនកូនចៅប្រជានុរាស្រ្តដែលទទួលរងគ្រោះថ្នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប និងសូមចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារនៃស ព ព្រមទាំងសូមជូនពរដល់បងប្អូនជនរងគ្រោះដែលកំពុងសម្រាកព្យាបាលឲ្យឆាប់ទទួលបានការជាស្បះស្បើយ"៕