បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារ ក្រោយពេលលោកយាយ LORRAIN ep KLEIN Dominique Marie Alizabeth អាយុ ៧៥ ឆ្នាំ ជនជាតិ បារាំង អតីតប្រធានអង្គការ សម្រស់ភក្ត្រាកុមារខ្មែរ ESK បានមករកលោកផែង វណ្ណៈ ឲ្យជួយ។ លោក ផែង វណ្ណៈ បានបង្ហោះសារថា "ឧត្ដមសេនីយ៍ សុខ សួនព្រលឹង និង ភរិយាលួចលក់ផ្ទះម្ដាយធម៌ជនជាតិបារាំង
នៅព្រឹកថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២០ នេះ លោកយាយ LORRAIN ep KLEIN Dominique Marie Alizabeth អាយុ ៧៥ ឆ្នាំ ជនជាតិ បារាំង អតីតប្រធានអង្គការ សម្រស់ភក្ត្រាកុមារខ្មែរ ESK បានមកជួបខ្ញុំ ផែង វណ្ណៈ ដេីម្បីអោយជួយលោកយាយអំពីរឿងកូនធម៌លោកយាយលួចលក់ផ្ទះលោកយាយនៅសង្កាត់ ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកយាយ KLEIN បានរៀបរាប់ថា លោកយាយមកប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩០ជាង ដេីម្បីបេីកអង្គការមួយជួយកុមារកម្ពុជា ។ លុះដល់ឆ្នាំ ១៩៩៦ លោកយាយ បានស្គាល់ឈ្មោះ សុខ សួនព្រលឹង និងបានស្រលាញ់ពេញចិត្តយកលោក សុខ សួនព្រលឹង ធ្វើជាកូនធម៌ ។

នៅឆ្នាំ ២០០៥ លោកយាយ KLEIN បានទិញផ្ទះនិងដីមួយកន្លែងគឺផ្ទះលេខ ១៩ ផ្លូវលេខ ១៤៥ ក្រុមទី ២៣ សង្កាត់ផ្សារដេីមថ្កវ ខណ្ឌចំការមន តម្លៃ ៦៥០០០ ដុល្លារ ពីឈ្មោះ ជា អាន និង គង់ ចន្ធី ។ ប៉ុន្តែ ដោយលោកយាយ KLEIN ជាជនជាតិ បារាំង មិនអាចឈរឈ្មោះជាម្ចាស់កម្មសិទ្ធិលើដីធ្លីផ្ទះសំបែងបាន លោកយាយបានអោយ ដាក់ឈ្មោះកូនធម៌លោកយាយគឺ ឧត្ដមសេនីយ៍ សុខ សួនព្រលឹង ជាម្ចាស់កម្មសិទ្ធិ ។ បន្ទាប់មកលោកយាយបានធ្វេីកិច្ចព្រមព្រៀងមួយជាមួយកូនធម៌ ដោយកូនធម៌ សុខ សួនព្រលឹង មានសិទ្ធិត្រឹមតែរស់នៅ តែគ្មានសិទ្ធិ លក់ដូរ ជួល បញ្ចាំ ឬ ផ្ដល់អំណោយ ឬ ផ្ទេរអោយអ្នកដទៃឡេីយ ។

ស្រាប់តែនៅឆ្នាំ ២០១៩ កូនធម៌លោកយាយ ដែលជាឧត្ដមសេនីយ៍ត្រី សុខ សួនព្រលឹង នាយនគរបាលជាតិជាន់ខ្ពស់ នៅសាលាបណ្ឌិតសភានគរបាល និង ប្រពន្ធឈ្មោះ អ៊ុំ វណ្ណា នាយទាហានស័ក្តិប្រាំ បានលួចលក់ផ្ទះលោកយាយអោយទៅអ្នកដទៃដោយមិនបានប្រាប់លោកយាយអោយដឹង និង មិនបានយកលុយមកប្រគល់អោយលោកយាយជាម្ចាស់ផ្ទះឡេីយ ។

លោកយាយ KLEIN បានព្យាយាមទាក់ទងទៅកូនធម៌ជា ឧត្ដមសេនីយ៍ត្រី សុខ សួនព្រលឹង និង ប្រពន្ធ ឈ្មោះ អ៊ុំ វណ្ណា អោយចេញមុខមកដោះស្រាយជាមួយលោកយាយ តែកូនធម៌រូបនោះចេះតែពន្យាពេលរហូត ។ ហេតុនេះហើយទេីបលោកយាយមកពឹង ខ្ញុំ ផែង វណ្ណៈ អោយជួយអន្តរាគមន៍ ។

បន្ទាប់ពីទទួលបានព័ត៌មានពីលោកយាយKLEIN នៅព្រឹកដដែលនេះ ខ្ញុំបានទូរស័ព្ទសួរទៅលោក សុខ សួនព្រលឹង ដេីម្បីបញ្ជាក់អំពីបញ្ហានេះ លោកឧត្ដមសេនីយ៍ សុខ សួនព្រលឹង បានទទួលស្គាល់ថា គាត់ពិតជាបានលក់ផ្ទះនោះមែនបានតម្លៃជាង ៥០ ម៉ឺនដុល្លារ ។ លោកឧត្ដមសេនីយ៍ សុខ សួនព្រលឹង បានអោយដឹងទៀតថា ការលក់ផ្ទះនេះ ម្ដាយធម៌គាត់អោយលក់ដែរ ។ លោកឧត្ដមសេនីយ៍បានបន្ថែមថា លោកសុំអោយលុយ ១៥ ម៉ឺន ដុល្លារ ទៅម្ដាយធម៌លោកដែរ តែសុំពេល ៣ ខែ ទៀត តែម្ដាយធម៌មិនព្រម ។

ទោះជាយ៉ាងណាក្ដីលោកយាយ KLEIN នៅតែអះអាងថា លោកយាយ មិនបានអោយ កូនធម៌ឈ្មោះ ឧត្ដមសេនីយ៍ សុខ សួនព្រលឹង និង ប្រពន្ធ លក់ផ្ទះលោកយាយទេ ។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកច្បាប់មួយរូបបានអោយដឹងថា ទង្វើរបស់លោកឧត្ដមសេនីយ៍ត្រី សុខ សួនព្រលឹង និង ប្រពន្ធ គឺជា អំពើល្មេីសច្បាប់ដែលអាចប្រឈមនឹងបទល្មេីសរំលោភលេីសេចក្ដីទុកចិត្ត ។ បេីលោកយាយជនជាតិបារាំងនោះប្ដឹង លោកឧត្ដមសេនីយ៍ត្រី សុខ សួនព្រលឹង មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡេីយ ។


ប្រភព៖ ផែង វណ្ណៈ