ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មន្រ្តីជំនាញបានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែងនៅជុំវិញផ្សារអូឡាំពិក ដើម្បីធ្វើការត្រួតពិនិត្យ និងស្វែងរកនូវផលិតផលម៉ាស់ និងអាល់កុលសម្រាប់លាងដៃ ដែលគ្មានគុណភាព និងលក់ក្នុងតំលៃថ្លៃ ជូនប្រជាពលរដ្ឋ ដែលប្រទេសជាតិកំពុងតែមានវីរុសកូវីដ១៩រីករាលដាល។

នៅក្នុងប្រតិបត្តិការមន្រ្តីជំនាញបានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែង នៅជុំវិញផ្សារអូឡាំពិក និងបានដកហូត មេតាណុល ចំនួន២៤៤.៨លីត្រ។ ជាមួយគ្នានោះផងដែរ មន្រ្តីជំនាញ បានដកហូត ទំនិញទាំងនោះយកទៅរក្សាទុក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញរបស់របរជាពិសេសអាកុល និងជែលលាងដៃនេះ ឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព របស់យើងពេលប្រើប្រាស់នោះ។

នៅក្នុងឪកាសនោះផងដែរ មន្រ្តីជំនាញរបស់យើង ក៏បានសូមអំពាវនាវដល់ ប្រជាពលរដ្ឋ សូមកុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាត កំចាត់មេរោគ ឬបង្ការវីរុស Covid-19៕








