លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី អនុវត្តយុទ្ធនាការ សាប៊ូម្នាក់មួយដុំជួយបង្ការខ្ញុំពីកូវីដ១៩
ស៊ីហៀង
-

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះសារថា "សាប៊ូម្នាក់មួយដុំជួយបង្ការខ្ញុំពីកូវីដ១៩"

«លាងដៃនឹងសាប៊ូ» គឺជាវិធានការដែលមានប្រសិទ្ធភាពបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃមេរោគកូវីដ១៩នៅក្នុងសហគមន៍។ ម៉ាស់ អាល់កុល ឬជែលលាងដៃ សុទ្ធសឹងតែជាជម្រើសដែលត្រូវចំណាយខ្ពស់ និងពិបាកស្វែងរកបាននៅតាមតំបន់ទាំងនេះ។ ផ្ទុយទៅវិញ នៅទីនេះជម្រើសដែលល្អបំផុតនោះគឺ លាងដៃអោយបានញឹកញាប់! លាងដៃអោយបានត្រឹមត្រូវ! លាងដៃនឹងសាប៊ូ!

ដូច្នេះហើយ ទើបរដ្ឋបាលស្រុកនឹងផ្តល់ជូនសាប៊ូលាងដៃចំនួន៥០០០០ដុំ ទៅដល់ប្រជាពលរដ្ឋគ្រប់ៗគ្នានៅក្នុងស្រុកបន្ទាយស្រីទាំងមូល ដោយមានភា្ជប់ជាមួយនឹងខិត្តប័ណ្ណអប់រំចំនួន៥០០០០សន្លឹក(ស្តីពីរបៀបលាងដៃនិងវិធីការពារខ្លួន)ផងដែរ។ ការផ្តល់ជូនទាំងចំណេះដឹងនិងមធ្យោបាយបឋមនេះ គឺដើម្បីពញ្ញាក់អារម្មណ៍របស់ពួកគាត់បានយល់ដឹងពីសារៈសំខាន់នៃការលាងដៃនឹងសាប៊ូ និងចាប់យកជម្រើសងាយៗ ដែលអាចស្វែងរកទិញបាននៅគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋាននីមួយៗ។

តោះ! មិនចាំបាច់តែឧបត្ថម្ភមកស្រុកបន្ទាយស្រីទេ។ អ្នកទាំងអស់គ្នាក៏អាចជួយឧបត្ថម្ភជាសាប៊ូលាងដៃទៅដល់មូលដ្ឋានរៀងៗខ្លួនរបស់អ្នកបានដែរ។ សាប៊ូម្នាក់មួយដុំនេះ នឹងអាចជួយអោយប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល ជាពិសេសលោកតាលោកយាយនិងកុមារតូចៗ មានលទ្ធភាពការពារខ្លួនពីមេរោគកូវីដ១៩នេះបាននឹងគេ។

បញ្ជាក់៖ សាប៊ូ៥មុឺនដុំនឹងចែកជូនដល់ប្រជាពលរដ្ឋបានម្នាក់១ដុំ ឬ៥ដុំក្នុងមួយគ្រួសារ និងអាចលាងសម្អាតដៃបានពីមួយខែទៅពីរខែ។ សប្បុរសជនទាំងឡាយដែលចង់ចូលរួមជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីនាំយកជំនួយឧបត្ថម្ភដ៏មានអត្ថន័យនេះ ទៅដល់ដៃប្រជាពលរដ្ឋនៅតាមទីជនបទ អាចទំនាក់ទំនងមកទូរស័ព្ទលេខ ០១២ ២៤៣ ៨៨០ (សុគន្ធតា)។

ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan