អ្នកលក់អនឡាញ៦នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ ១៩ និងបាន...
ស៊ីហៀង
-

ភ្នំពេញ ៖ អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ ១៩ នៅលើបណ្តាញសង្គមហ្វេសបុក ដែលសមត្ថកិច្ចតាមបណ្តាខណ្ឌបានធ្វើការឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះលក់ផលិតផលទាំងឡាយណាដែលច្បាប់ហាមឃាត់។

នៅចំពោះមុខសមត្ថកិច្ច មនុស្សទាំង ៦នាក់ បានសារភាពកំហុសដែលខ្លួនបានធ្វើផ្ទុយពីច្បាប់ហាមឃាត់ និងសន្យាមិនបង្ហោះលក់ផលិតផលអ្វីដែលច្បាប់ហាមឃាត់ទៀតឡើយ។ សូមបញ្ជាក់ថា ករណីនេះ មនុស្សទាំង ៦នាក់ គ្រាន់តែយករូបក្នុងប្រព័ន្ធអ៊ិនធឺណិតមកបង្ហោះ ជាក់ស្តែងមិនទាន់មានផលិតផលលក់នៅឡើយទេ។

បន្ទាប់ពីទទួលកំហុស និងទទួលបានការណែនាំអប់រំ ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើរួចមក នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញបានឲ្យមនុស្សទាំង ៦នាក់ ខាងលើវិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ៕

ប្រភព៖ cambodiapolice