ម្ចាស់ហាងពេជ្រ និងមាស ទ្រី ដាណា បានបង្ហោះសារថា "ជួយអ្នកដទៃ មិនចាំបាច់ចាំទាល់តែយើងមានអ្វីគ្រប់យ៉ាងទេ ឱ្យតែយើងមានច្រើនជាងគេ យើងអាចចែករំលែកទៅអ្នកមានតិចជាងបានហើយ។ ពេលខ្លះ យើងចេះតែគិតថា តិចពេក ជួយគេខ្លាចមិនសម តិចពេក ជួយគេក៏មិនបានការអី តែមានគិតអត់ ថាអ្នកកំពុងត្រូវការ សូម្បីតែមីមួយកញ្ចប់ បាយមួយចាន ឬសូម្បីតែទឹកមួយដបសម្រាប់គេផឹក ក៏វាមានតម្លៃដែរ។ ?

ខ្ញុំលើករឿងមួយទៀតឱ្យអានលេង ម្ចាស់ក្រុមហ៊ុនមួយនោះ គាត់មានណាស់ មានទ្រព្យរាប់សិបលាន ស្រាប់តែជួបគ្រោះថ្នាក់លិចនាវាដឹកជញ្ជូនកណ្ដាលសមុទ្រ រហូតដល់លង់ទឹកស្លាប់។ ឯទ្រព្យសម្បត្តិរបស់គាត់ ត្រូវកាត់សងគេទាំងអស់គ្មានសល់។ ពេលទៅដល់ឋានក្រោម យមរាជសួរថា ធ្លាប់ធ្វើបុណ្យ ធ្លាប់មានសុភមង្គលនឹងការជួយគេអត់? បើមានឱ្យរស់វិញ។

លឺភ្លាម ម្ចាស់ក្រុមហ៊ុនចង់ស្លុតចិត្ត នឹកឃើញកាលមានលុយពេញដៃ មិនដែលជួយគេម្ដងណា គិតតែប្រឹងរកស៊ីរហូត រកស៊ីឡើងភ្លេចខ្លួន ស្ដាយណាស់ ថាបើពេលនោះសន្សំបុណ្យច្រើនបន្តិច ប្រហែលមិនជួបរឿងចឹងទេ។

តែដោយសារយល់មុខម្ចាស់ក្រុមហ៊ុន ថានៅក្មេងពេក ក៏អនុញ្ញាតពេលមួយថ្ងៃ ឡើងទៅលើវិញ ដើម្បីរកសុភមង្គលជាមួយអ្នកក្រ បើរកបានក្នុងពេលនេះ ឱ្យរស់បន្ត។ ម្ចាស់ក្រុមហ៊ុន ឡើងទៅលើវិញ ដឹងថាទ្រព្យសម្បត្តិគ្មានសល់ អស់សង្ឃឹមណាស់ មិនដឹងជួយអ្នកក្រម៉េច មានសុភមង្គលតាមការជួយគេម៉េច បើគ្មានលុយក្នុងខ្លួនផងនោះ។

ហត់ពេក យកលុយសល់ក្នុងហោប៉ៅអាវទិញនំប៉ាវ ២ មកបំពេញក្រពះសិន ចៃដន្យអីគ្មានកន្លែងអង្គុយ ក៏ទៅអង្គុយមាត់ទ្វារមួយ ជិតអ្នកសុំទាន។ មើលទៅអ្នកសុំទាននោះ ប្រហែលឃ្លានដែរ ក៏ចែកមួយឱ្យទៅអ្នកសុំទាន ឯអ្នកសុំទាន រៀបនឹងដាក់ចូលមាត់ ស្រាប់តែឃើញអ្នកសុំទានពិកាម្នាក់មកជិត ហែកចែកពាក់កណ្ដាលឱ្យអ្នកសុំទានមកថ្មីនោះ។

ហូបបណ្ដើរ ក៏និយាយលេងជាមួយអ្នកសុំទានទាំងនោះបណ្ដើរ មើលទៅពួកគាត់បានត្រឹមនំប៉ាវហូប ក៏សប្បាយចិត្តម្យ៉ាង។ ណាមួយ ពេលបាននិយាយជាមួយអ្នកដែលអត់ជាងខ្លួន ក៏ចាប់ផ្ដើមគិត ថាជីវិតខ្លួននៅប្រសើរ យ៉ាងហោចណាស់ ក៏បានជួយអ្នកសុំទានមួយពេល ប៉ុន្តែបើមានលុយពេញដៃប្រហែលជាផ្ដល់សុភមង្គលឱ្យគាត់បាន។

ពេលមួយថ្ងៃមកដល់ ម្ចាស់ក្រុមហ៊ុនក៏ត្រូវធ្លាក់ទៅឋានក្រោមវិញ ទៅយំអង្វរសុំយមរាជថា ខ្លួនរកអត់បានទេ ព្រោះគ្មានលុយ តែបើឱ្យរស់បន្តនឹងប្រឹងរកស៊ីឡើងវិញ ហើយយកលុយទាំងនោះជួយអ្នកក្រ ជួយអ្នកអត់ទៅតាមលទ្ធភាព។ យមរាជ លឺហើយក៏សើច ប្រាប់ថាអ្នកឯងរកបានហើយ អ្វីដែលកំពុងធ្វើជាមួយអ្នកសុំទាន សប្បាយចិត្តនឹងការជួយអ្នកសុំទាននោះហើយ ជាសុភមង្គលពិតៗនៃការជួយអ្នកក្រ ដូចនេះអាចរស់បន្តបាន។

ហាហាហា ???រឿងចប់ហើយ ប្រឌិតបន្តិច អូហ៍មិនមែនបន្តិចទេ គឺប្រឌិតទាំងអស់ហ្នឹង តែគ្រាន់ចង់ឱ្យយល់ថា ការជួយគេ មិនចាំបាច់ទាល់តែខ្លួនឯងមានឡើងកប់ក្ដោង ចាំជួយទេ។ បើយើងបានប្រសើរ យើងក៏អាចជួយអ្នកអត់ជាង គេសប្បាយចិត្តណាស់ទៅហើយ។ បើយើងគិតឡើងវិញ ផឹកកាហ្វេមួយកែវតម្លៃ ២ដុល្លារ អាចរួចបាយ ៣ពេលសម្រាប់គ្រួសារក្រខ្សត់។ បើយើងទៅជួយគេ យើងអ្នកគិតថាតិច តែគេគិតថាច្រើនណាស់ទៅហើយ។???។






ប្រភព៖ ទ្រី ដាណា Dana Try