គ្រូពេទ្យជំនាញ ចិន ចំនួន ១៣ រូបនិងមកជួយ កម្ពុជាដោយភ្ជាប់មកជាមួយសម្ភារបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺមានតម្លៃប្រមាណជាង១៤ម៉ឺ នដុល្លារ
-

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌអង្គការសង្គមស៊ីវិល អង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន បានត្រៀមបញ្ជូនក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តចំនួន ១៣រូប ដែលមានបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅប្រទេសចិន រួមទាំងសម្ភារបរិក្ខាពេទ្យ និងថ្នាំព្យាបាលជំងឺមានតម្លៃប្រមាណជាង១៤ម៉ឺ នដុល្លារ មកកម្ពុជាក្នុងពេលឆាប់ៗនេះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា ក្រុមគ្រូពេទ្យជំនាញទាំង១៣រូបរបស់ចិន នឹងធ្វើដំណើរតាមរថយន្តចេញពីខេត្តយូណាន មកកាន់ប្រទេសកម្ពុជា តាមខេត្តស្ទឹងត្រែង នៅពេលឆាប់ៗនេះ ដើម្បីបំពេញបេសកកម្មការងាររយៈពេល ១៥ថ្ងៃ ពាក់ព័ន្ធនឹងការសម្លាប់មេរោគ នៅតាមមន្ទីរពេទ្យ និងទីកន្លែងសាធារណៈផ្សេងៗ ដូចជាសាលារៀន ការិយាល័យ ស្ថានីយរថភ្លើងជាដើម និងការបណ្តុះបណ្តាល អំពីការសម្លាប់មេរោគ ដល់បុគ្គលិកសុខាភិបាល នគរបាល និងអ្នកស្ម័គ្រចិត្តតាមសហគមន៍ ដើម្បីជួយពង្រឹងជំនាញក្នុងការការពារខ្លួន និងការប្រើប្រាស់ឧបករណ៍បរិក្ខារសម្លាប់មេរោគ។

គួរបញ្ចាក់ផងដែរថាកាលពីថ្ងៃទី ២៣ ខែមីនាកន្លងទៅនេះ ប្រទេសចិនបានបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្ត ៧ នាក់នឹងបរិក្ខាពេទ្យពេញយន្តហោះ ចុះចតលើទឹកដីកម្ពុជាដើម្បីសង្គ្រោះជីវិតមនុស្ស ហើយថ្មីនេះរដ្ឋមន្ត្រី ក្រសួងការបរទេសបានបង្ហាញថា ចិននឹងបញ្ជូនគ្រូពេទ្យចិនបន្ថែម ១៣ រូបទៀតនិងសម្ភារៈពេទ្យ មកកម្ពុជាក្នុងតម្លៃជាទឹកប្រាក់ប្រមាណជា ១៤ ម៉ឺនដុល្លារ៕ 

ប្រភព ៖ Business Cambodia