កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC បានបង្ហោះសារ ក៏ដូចជាសូមឲ្យបងប្អូនខ្មែរ កុំជ្រួលជ្រើម ព្រោះថាពេលសប្បាយយើងមានច្រើនណាស់ អត់ចូលឆ្នាំ ឬ ទៅស្រុកមួយឆ្នាំក៏មិនអីដែរ ព្រោះថា ដើម្បីការពារ ខ្លួនយើង ក៏ដូចជាការពារក្រុមគ្រួសារយើង មិនឲ្យឆ្លងជំងឺកូវីដ១៩នេះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "វេជ្ជបណ្ឌិតជំនាញចិនថា ចូលឆ្នាំខ្មែរជាដំណាក់កាលសំខាន់បំផុត និងប្រឈមបំផុតរបស់កម្ពុជាក្នុងការទប់ទល់ជាមួយ CoViD-19 ????
វេជ្ជបណ្ឌិតជំនាញចិនម្នាក់ ក្នុងចំណោម៧នាក់ ដែលបានមកប្រទេសកម្ពុជាចូលរួមទប់ស្កាត់ COVID-19 បានផ្តល់យោបល់ថា ខែមេសានេះ គឺជាដំណាក់កាលសំខាន់សម្រាប់ទប់ទល់នឹងវីរុស COVID-19 ព្រោះជាពេលដែលកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំថ្មី។

ដកស្រង់សម្តីអ្នកឆ្លើយឆ្លងរបស់ក្រុមអ្នកសារព័ត៌មានចិន អ្នកនាង Sarai Zhang ដែលបានជួបសម្ភាសជាមួយវេជ្ជបណ្ឌិតជនជាតិចិន កាលពេលថ្មីៗនេះ វេជ្ជបណ្ឌិតចិន Ai Xiang ថា ត្បិតប្រទេសកម្ពុជាមានអ្នកឆ្លង COVID-19 មិនច្រើន ប៉ុន្តែបើយើងធ្វេសប្រហែស ដោយនៅផ្ទះយូរអផ្សុក ចង់ឆ្លៀតឱកាសចូលឆ្នាំថ្មីជួបជាមួយបងប្អូន ក្រុមគ្រួសារ មិត្តភក្តិនោះនឹងមានហានិភ័យធំណាស់ក្នុងការឆ្លងរាលដាល COVID-19 ជាលក្ខណៈសហគមន៍។
លោកថា ការឆ្លងលក្ខណៈសហគមន៍ជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់សម្រាប់ទប់ទល់នឹង COVID-19។ បើមានការឆ្លងមេរោគជាលក្ខណៈសមាគម នោះចំនួនមនុស្សឆ្លងនឹងផ្ទុះយ៉ាងលឿន ហេតុដូច្នេះលោកសង្ឃឹមថា ប្រជាជនខ្មែរគ្រប់គ្នាគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាងគេចំពោះការណ៍នេះ។

វេជ្ជបណ្ឌិតចិនខាងលើបានលើកយកប្រទេសចិនជាឧទាហរណ៍ ពេល COVID-19 ផ្ទុះឡើង គឺចំនឹងបុណ្យចូលឆ្នាំចិន ហើយប្រទេសចិនមានប្រជាជនច្រើនខ្លាំងណាស់ តែរដ្ឋាភិបាលចិនប្រកាសបិទទីក្រុងទាំងអស់ កុំចេញមកក្រៅ បើអត់មានចាំបាច់ ប្រជាជនចិនទ្រាំរហូតដល់បច្ចុប្បន្ននេះជាង២ខែផុតទៅហើយ ប្រទេសចិនបច្ចុប្បន្នបានទទួលជោគជ័យជាជំហានដំបូង គឺអត់មានអ្នកឆ្លងថ្មី (មានអ្នកឆ្លងថ្មីសុទ្ធតែអ្នកត្រលប់មកពីក្រៅប្រទេស)។
ងាកមកប្រជាជនខ្មែរវិញ លោកវេជ្ជបណ្ឌិតថា មានចំនួនតិចជាងចិនខ្លាំងណាស់ សង្ឃឹមថាប្រជាជនខ្មែរក៏អាចទ្រាំនៅផ្ទះក្នុងបុណ្យចូលឆ្នាំថ្មីនេះ។ “យើងនៅផ្ទះអត់ជួបជុំគ្នាតែលើកនេះ ការពារអាយុជីវិតយើង ចាំផុតពីគ្រាពិបាកនេះ យើងពិតជានឹងមានឱកាសច្រើនសប្បាយរីករាយ។ យើងអត់ជួបជុំគ្នាក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីការពារខ្លួនផង ការពារក្រុមគ្រួសារផង ការពាអ្នកផ្សេងផង រហូតដល់ការពារប្រជាជនខ្មែរទាំងអស់តែម្តង”។

វេជ្ជបណ្ឌិតចិន Ai Xiang បានបន្តថា កម្ពុជាពេលនេះគ្រប់គ្រងបាននូវសភាពការណ៍ ដោយសារយល់ដឹងច្បាស់ប្រភពវីរុសមកពីណា ភាគច្រើនគឺមកពីខាងក្រៅ ដូចជាជនជាតិបរទេសនាំចូល ខ្មែរទៅចូលរួមកម្មវិធីសាសនានៅម៉ាឡេស៊ី…លោកអត់ចង់ឃើញ កម្ពុជាឈានចូលករណីCOVID-19 លក្ខណៈសហគមន៍ទេ។
ងាកមកការវាយតម្លៃពីស្ថានភាពCOVID-19 របស់ក្រសួងសុខាភិបាលវិញ ត្បិតរយៈពេល២-៣ថ្ងៃជាប់គ្នាមកនេះ កម្ពុជាមិនមានករណីឆ្លង COVID-19 ថ្មីនោះទេ មានតែករណីជាសះស្បើយប៉ុណ្ណោះ តែអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ស្ថានភាពនៅផុយស្រួយណាស់។ “យើងមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ព្រោះទើបតែ២ថ្ងៃមិនទាន់មានករណីឆ្លង COVID-19 ថ្មី តាមបច្ចេកទេសគ្រាន់តែជាការបង្ហាញនូវប្រសិទ្ធភាពអន្តរាគមន៍របស់យើងជាបណ្តើរៗប៉ុណ្ណោះ”។

លោកជំទាវបានបន្តថា យើងនៅតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពិសេសការចូលរួមទប់ស្កាត់នូវការចម្លងពីបុគ្គលមួយទៅបុគ្គលមួយនៅតែជាចំណុចសំខាន់ចាំបាច់ជាទីបំផុត។រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះទទូចឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការពារខ្លួនជារៀងរាល់ថ្ងៃ មិនមែនយើងរកមិនឃើញក្នុងរយៈពេល២-៣ថ្ងៃនេះហើយ យើងគិតថា យើងមិនមានការចម្លង អ៊ីចឹងយើងបន្ធូរដៃ អ៊ីចឹងបែរទៅជាឱកាសមួយធ្វើឲ្យវីរុស COVID-19 អាច នឹងវាយបកមកយើងវិញជាយថាហេតុ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ"។
ប្រភព៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC