សន្យាថាធ្វើបានណាកូន ពុកសូមអង្វរ កុំធ្វើដំណើរពីទីក្រុង ទៅតាមខេត្តអី ហើយអ្នកតាមខេត្តកុំធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀតអី...(មានវិដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ នេះបើយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មុននេះបន្តិច។

បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

តែទោះបីជាយ៉ាងណាការហាមឃាត់នេះត្រូវបានលើកលែងចំពោះ

- ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន

- រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន

- រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន

- រថយន្តពន្លត់អគ្គីភ័យ

- រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់

- ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

- ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។

បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ៕ សូមទស្សនាវិដេអូខាងក្រោម៖