ផ្លូវការ ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ មិនមានការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ
ស៊ីហៀង
-

ភ្នំពេញ ៖ យោងលើស្ថានភាពភូមិសាស្ត្រ និងតម្រូវការជាក់ស្តែងក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការប្រាស្រ័យទាក់ទាងគ្នាប្រចាំថ្ងៃខកខានមិនបានរបស់មន្ត្រីរាជការសាធារណៈ និយោជក កម្មករ-និយោជិតនិងប្រជាជនពលរដ្ឋទូទៅ រាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលវិសាលភាពនៃការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដែលមានចែងក្នុងបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដូចខាងក្រោម៖

១ . ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ ។

២ . លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀត នៅក្នុងខេត្តតែមួយដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ។

ទទួលបានសេចក្តីសម្រេចនេះ គ្រប់ក្រសួង-ស្ថាប័ន និងអជ្ងាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់ចែងអនុវត្តជាបន្ទាន់ និងឲ្យមានប្រសិទ្ធភាពខ្ពស់ ៕