ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ រាជធានីភ្នំពេញ បានទទួលអំណោយពី ថៅកែអេសអូតូ លោក ប៊ុន វុត្ថា ដែលជាបងប្រុសបង្កើតរបស់ លោក ប៊ុន រតនា ដែលជាផលិតករល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជា និងជាម្ចាស់ស្នាដៃបទចម្រៀងកំសត់មួយដែលមានចំណងជើងថា «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» ។

ទន្ទឹមនិងនេះដែរអំណោយដែរលោក ប៊ុន រតនា និងបងប្រុស លោក ប៊ុន វុត្ថា នាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ រាជធានីភ្នំពេញ មានដូចជា អង្ករ អាល់កុល ម៉ាស់ និងប្រាក់១០០០០ រៀល កម្មវិធីសប្បុរសធម៍នេះធ្វើឡើងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ ។

ជាមួយគ្នានេះដែរផលិតករដ៏សំបូរបទពិសោធ លោក ប៊ុន រតនា និងបងប្រុស លោក ប៊ុន វុត្ថា បានធ្វើការបង្ហាញពីចំណាប់អារម្មណ៍របស់លោកយ៉ាងដូច្នេះថា « នេះមិនមែនជាលើកទី១ទេ ដែលពួកលោកបានចែករំលែក នូវសកម្មភាពសប្បុរសធម៌ឡើង ជូនប្រជាពលរដ្ឋ ក្នុងអំឡុងកូវីដ១៩ នេះ ដោយកាលពីប៉ុន្មានថ្ងៃនេះ បានធ្វើឡើងនៅ ទឹកដីខេត្តបាត់ដំបង ដោយចែកជូនអង្ករ ដល់ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម។ កម្មវិធីលើទឹកដីបាត់ដំបងនេះ ជាការចូលរួមចំណែកជាមួយលោក ឧកញ៉ាបណ្ឌិត យូ សាម៉េត។ លោកបានបន្តថា កន្លងទៅក៏បានចែកជូនធុងទឹកអំពៅ ដល់គ្រួសារមួយ ដើម្បីជួយសម្រួលជីវភាពរបស់ពួកគាត់ និងសកម្មភាពជាច្រើនទៀត។

ពីរនាក់បងប្អូន ដែលប្រឡូកក្នុងវិស័យសិល្បៈឡើងចាស់វស្សា និងវិវត្តន៍ខ្លួនមួយដំណាក់កាលថែមទៀត ចូលក្នុងអាជីពអ្នករកស៊ីលក់រថយន្តដ៏ជោគជ័យ បានបន្តថា «ពួកខ្ញុំសប្បាយចិត្ត ខ្លាំងណាស់ ដែលបានចូលរួមរំលែកនូវសកម្មភាពសប្បុរសធម៌ ខណៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ វាមិនច្រើនទេ សម្រាប់ការចែកអង្ករ ដោយមួយគ្រួសារទទួលបាន១០គីឡូក្រាម អាល់កុល១ដប និងម៉ាស់ចំនួន២ ឲ្យក្រុមគ្រួសារចំនួន ២០០គ្រួសារ ប៉ុន្តែបើយើងក្រឡេកទៅវិញ ពេលដែលគេអត់យើងឲ្យវាពិតជាធ្វើឲ្យពួកគាត់សប្បាយរីករាយ។ ថ្វីបើអំណោយនេះតិចតួច ប្រើបានរយៈពេលខ្លី តែវាក៏ជួយសម្រួល ការខ្វះខាត របស់ពួកគាត់មួយរយៈតូចផងដែរ»។

លោក ប៊ុន រតនា បានលើកឡើងថា លោកនឹងបន្តជួយទៅទៀត ទៅតាមលទ្ធភាពរបស់លោក ហើយក៏ថ្លែងអំណរគុណទៅកាន់អតិថិជន S-Auto ទាំងអស់ ដែលបានគាំទ្រមកលើឃ្លាំង លក់រថយន្តរបស់លោក ហើយក៏ជាចំណែកនៃការចូលរួមសប្បុរសធម៌ លើកនេះផងដែរ៕


