ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា ដែលគាត់តែងតែចិត្តអាណិត មេត្តាដល់ជនទីទាល់ក្រ ជួបនូវការលំបាក គ្រប់បែបយ៉ាង ព្រោះតែខ្លួនធ្លាប់ស្គាល់រសជាតិនេះជាយូរមកហើយ ទម្រាំមានថ្ងៃនេះ អ្នកនាង បានខំប្រឹងប្រែង អស់ពីសមត្ថភាព អស់ពីកំលាំងកាយចិត្ត ដើម្បីឲ្យគ្រួសារមួយនេះមានជីវភាពធូរធារ មកដល់រាល់ថ្ងៃនេះ។ ការខិតខំប្រឹងប្រែងរបស់អ្នកនាង បានធ្វើឲ្យមនុស្សគ្រប់គ្នា ទទួលស្គាល់ និងគោរពស្រលាញ់ អ្នកនាងយ៉ាងខ្លាំង ហើយរាល់ថ្ងៃនេះ ភាពល្បីល្បាញរបស់នាងក៏កាន់តែ ល្បីរន្ធឺឡើង ក៏ព្រោះតែសន្តានចិត្តល្អ និងការចេះឲ្យតំលៃទៅលើមនុស្ស មិនមើលងាយមនុស្សដូចគ្នា។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង បានបង្ហោះសារថា "ខ្ញុំឃើញថា អ្នកខ្លះ គាត់ទាល់ណាស់ ប្រើកម្លាំងដូរបាយ គ្មានពេលណាទៅគិតថា រកស៊ីអី ធ្វើអីឱ្យប្រសើរជាងនេះ? យើងគួរតែអាណិតគាត់ ជួយគាត់ ហើយបើអាចបង្ហាញផ្លូវដល់គាត់ ជាជាងការមើលស្រាលពួកគាត់ ព្រោះបើយើងនៅក្នុងស្ថានភាពដូចគាត់ចឹង ក៏យើងគិតមិនចេញដូចគ្នាដែរ។

តែអ្នកខ្លះទៀត មានឱកាស មានទាំងធនធាន តែប្រើពេលវេលាខុស ជាពិសេសគឺអ្នកទើបពេញវ័យហ្នឹងហ្មង។ ២៤ម៉ោងដូចគ្នា ឃើញអ្នកខ្លះយកទៅអង្គុយផឹក អ្នកខ្លះក៏យកទៅអង្គុយវិភាគពីជីវិតគេ ឯអ្នកខ្លះទៀត ឃើញយកទៅអង្គុយផឹកកាហ្វេ លេងហ្គេម។ ពេលវេលាមិនចាំយើងទេ តែពេលណាទៅ គឺលែងត្រលប់ហើយ មានតែពាក្យស្ដាយក្រោយហ្នឹង។

ទាន់នៅក្មេង មានកម្លាំង មានឱកាស មានពេលវេលា ត្រូវសម្លឹងទៅមុខឱ្យបានវែងឆ្ងាយ ធ្វើអ្វីដែលមានប្រយោជន៍។ បើខ្ញុំវិញ បានចំណាយភាពវ័យក្មេងរបស់ខ្ញុំ ទៅលើការតស៊ូ ការស្វះស្វែងចាប់យកឱកាស ទើបខ្ញុំដើរដល់ផ្លូវមួយនេះ។ ខ្ញុំមិនដែលតូចចិត្ត ពីក្មេងមិនសប្បាយដូចគេទេ ព្រោះឥឡូវចង់ទៅសប្បាយដូចពីក្មេងវិញ ក៏បាន ចង់ធ្វើអីដែលចង់ធ្វើក៏បាន។

ខ្ញុំគ្រាន់តែមិនចង់ឱ្យគ្រប់គ្នា ស្ដាយពេលវេលាដែលបាត់បង់ប៉ុណ្ណោះ។ ដាក់ក្ដីស្រមៃ ហើយចាប់ផ្ដើមធ្វើសកម្មភាពទៅ។ ដូចយើងចង់ឃើញកំពូលភ្នំចឹង បើយើងគ្រាន់តែចង់ឃើញ ហើយអង្គុយមើលពីក្រោមទៅ យើងមិនដឹងថានៅលើនោះមានអីទេ។ តែបើយើងចង់ឃើញ យើងចាប់ផ្ដើមដើរឡើង ទោះនៅលើនោះគ្មានអ្វីក៏ដោយ ក៏យើងស្ងប់ចិត្ត ស្ងប់អារម្មណ៍ ជាងអង្គុយមើលពីក្រោមដែរ។ ????



ប្រភព៖ ទ្រី ដាណា Dana Try