កាលពីថ្ងៃម្សិលមិញនេះ នៅលើផេកផ្លូវការរបស់អគ្គិសនីកម្ពុជា សូមបំភ្លឺថា "អគ្គិសនីកម្ពុជា សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ Ly Chumnit ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី CHEA LY ឲ្យបានជ្រាបថា៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១:៥០នាទី ក្រុមការងារបានចុះពិនិត្យឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមាន ម៉ាស៊ីនត្រជាក់ 1HP ០១គ្រឿង ទូរទឹកកក ០១គ្រឿង កង្ហារ ០៧គ្រឿង អំពូល និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។ អតិថិជនទទួលស្គាល់ និងឯកភាពលើលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមការងារ។

តាមការពិនិត្យប្រវត្តិទូទាត់ប្រាក់របស់ម្ចាស់គណនី Facebook ឈ្មោះ Ly Chumnit ដែលមានឈ្មោះនៅលើវិក្កយបត្រប្រើប្រាស់ថាមពលអគ្គិសនីឈ្មោះ CHEA LY ឃើញថា អតិថិជនមានបញ្ហាលើវិក្កយបត្រពីរខែក្នុងខែកុម្ភៈ និងខែមីនា គឺ៖
- វិក្កយបត្រទី១ ធ្វើនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានបំណុលសរុប ៨៥៨,៥២០រៀល ផុតកំណត់បង់ប្រាក់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ប៉ុន្តែពុំទាន់ទូទាត់។ ក្រុមការងារបានកាត់ចរន្តអតិថិជននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។
- នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ អតិថិជនបានមកសាខាដើម្បីបង់ប្រាក់ និងបង់ថ្លៃភ្ជាប់ចរន្តឡើងវិញ។ ក្រុមការងារបានភ្ជាប់ចរន្តរួចរាល់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។
- វិក្កយបត្រទី២ ធ្វើនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ មានបំណុលសរុប ៩៦៤,៣៣០រៀល និងបំណុលបូកយោងខែកុម្ភៈ ៨៥៨,៥២០រៀល ដូចនេះ បំណុល សរុបទាំង២ខែគឺ ១,៨២២,៨៥០រៀល។
- ប្រសិនបើអតិថិជនទាំងអស់ ទូទាត់វិក្កយបត្រយ៉ាងយូរមុនថ្ងៃផុតកំណត់នៅលើវិក្កយបត្រ នោះមិនមានជាប់បំណុលយោងមកខែថ្មីទៀតទេ។

ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ "អគ្គិសនីកម្ពុជា-EDC" ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ។




ប្រភព៖ អគ្គិសនីកម្ពុជា