បើយោងតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប បានសម្តែងការត្រេកអរ ចំពោះអ្នកជំងឺម្នាក់ទៀតហើយ ដែលបានជាសះស្បើយ។ នៅក្នុងគណនីហ្វេសប៊ុកបានឲ្យដឹងថា "អបអរសាទរអ្នកជំងឺកូវីដ១៩ ចុងក្រោយគេ នៅខេត្តសៀមរាបបានជាសះស្បើយ តែត្រូវបន្តវិធានការការពារជំងឺកូវីដ១៩ បន្ថែមទៀត
អ្នកបើកបររថយន្តដឹកក្រុមទេសចរណ៍បារាំងម្នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ពីក្រុមទេសចរណ៍បារាំងកន្លងមក ពេលនេះបានជាសះស្បើយហើយក្រោយពីក្រុមគ្រូពេទ្យបានធ្វើតេស្តអវិជ្ជមានចំនួនពីរលើក។ សូមបញ្ជាក់អ្នកកើតជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប មានចំនួន៧ នាក់ បានជាសស្បើយ ៦ នាក់កន្លងមក ហើយបន្ថែមការជាសះស្បើយ ១នាក់ចុងក្រោយនេះ ដូចនេះ មិនមានអ្នកជំងឺសំរាលព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទៀតនោះទេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលតែងតែយកចិត្តទុកដាក់ក្នុងការព្យាបាលនិងថែទាំអ្នកជំងឺរហូតដល់ជាសះស្បើយ។

ទោះបីជាស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាយើងបានធូរស្រាលនិងមានអ្នកជំងឺជាសះស្បើយបន្តបន្ទាប់ក៏ដោយ រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តថែរក្សាសុខភាព និងអនាម័យផ្ទាល់ខ្លួនតាមកានរណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឈ្នះជំងឺកូវីដ១៩ទាំងអស់គ្នា។ #សៀមរាបផ្ទះខ្ញុំ #SiemReapMyHome #COVID-19 #កូវីដ១៩ #កូរ៉ូណា #Corona"។



ប្រភព៖ រដ្ឋបាលខេត្តសៀមរាប