អបអរសាទរ លោក ថូម...លោក​អ៊ុក​ បញ្ញា​ និង​ ភរិយា​ បានយល់ព្រម​ប្រគល់ដីជូនលោកថូមវិញ​ទាំងអស់​ និងបាន​ដក​ពាក្យ​បណ្តឹង​ដែល​ប្ដឹងអ្នកបកប្រែផងដែរ​...
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសាររំភើបថា លោក​អ៊ុក​ បញ្ញា​ និង​ ភរិយា​ បានយល់ព្រម​ប្រគល់ដីជូនលោកថូមវិញ​ទាំងអស់​ និងបាន​ដក​ពាក្យ​បណ្តឹង​ដែល​ប្ដឹងអ្នកបកប្រែផងដែរ​

កំពត​ ៖​ នៅយប់ថ្ងៃទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ដោយទទួល​បានការណែនាំ​ដ៏ខ្ពង់ខ្ពស់​ពី​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៅសាលា​ខេត្ត​កំពត​ មានបេីក​កិច្ច​ប្រជុំបន្ទាន់មួយដេីម្បី​ដោះស្រាយបញ្ចប់​ករណី​វិវាទ​រវាង​លោកថូម​ ជនជាតិ​អាមេរិកាំង​ និង​ លោក​ អ៊ុក​ បញ្ញា​ និង​ភរិយា​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ខេត្ត​កំពត​ និង​ ឯកឧត្ដម​ ដួង​ តារា​ ​ ជំនួយ​ការ​ផ្ទាល់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និង​ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ ។

ក្នុង​ដំណោះស្រាយ​នេះ​ លោក​ អ៊ុក​ បញ្ញា​ និង​ ភរិយា​ បាន​យល់ព្រម​ដោយស្ម័គ្រចិត្ត​ ផ្ទេរសិទ្ធិ​ដីធ្លី​ចំនួន​ ៦​ឡូត៍​ ស្ថិត​នៅ​ស្រុក​ ទឹក​ឈូ​ ខេត្ត​កំពត​ ជូនលោក​ថូម វិញ​ដេីម្បី​គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ​ ។ លោក​ អ៊ុក​ បញ្ញា​ ក៏​បាន​ឯកភាព​យល់ព្រម​ដកពាក្យបណ្ដឹង​ ឈប់​ប្ដឹង​ផ្ដល់​អ្នកបកប្រែ​របស់​លោកថម​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ តទៅ​ ។

បន្ទាប់​មក​លោក​ថូម​ និង​ លោក​ អ៊ុក​ បញ្ញា​ បានចាប់ដៃគ្នានិងបន្តរាប់អានគ្នាជាធម្មតាដោយគ្មានការគុំគួនអ្វីឡេីយ​ ។

លោក​ថូម​ អាយុ​ ៧៣​ ឆ្នាំ​ ​ ជន​ជា​តិ​ អាមេរិកាំង​ បានគោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​បានជួយរកយុត្តិធម៌ពិតប្រាកដជូនលោក​ និងបាន​ អរគុណ​ ឯកឧត្ដម​ ដួង​ តារា​ ​ និង​ ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​បានជួយឈឺឆ្អាល​និងជ្រោមជ្រែងរហូតលោកទទួលបាន​យុត្តិធម៌​ ។

ប្រភព៖ Pheng Vannak News