បែកធ្លាយ ! មេឆ្នោតដ៏ធំយីហោ «V168» និង «K38» របស់លោកផ្កាយ២​ ឈ្មោះ ហេង ឡាលីន បានបញ្ជាកូនចៅអុកឡុកកន្លែងកត់ឆ្នោតទូទាំងរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃមកនេះ
-

ភ្នំពេញ ៖ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមខ្លួន បក្ខពួកខ្លួន ក្រុមខ្លួន ត្រឹមតែប៉ុន្មានថ្ងៃសោះ អ្នកមានអំណាច អាងផ្កាយ២ នៅលើស្មា លោក ហេង ឡាលីន បានក្តោបយកទាំងអស់ ចំពោះខណ្ឌទាំង១៤ និងប៉ុស្តិ៍រដ្ឋបាល ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ដោយបានយកឥទ្ធិពលរបស់ខ្លួន ទៅបញ្ជាដល់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅចាប់អ្នកកត់ឆ្នោតវៀតណាមផ្សេងៗ ដែលមិនមែនជាគូកនរបស់ខ្លួន ក្រៅពីនោះមានបងធំរបស់គេ ប្រមាណជា១០នាក់ មានពាក់មួក ពាក់ម៉ាស ធ្វើសកម្មភាពទៅគម្រាម អុកឡុក ទីតាំងកត់ឆ្នោតវៀតណាម ដែលមិនកត់អោយពួកខ្លួន។

​ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ៖ ក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ គឺមានក្រុមមនុស្ស៦ទៅ៧នាក់ ជាអ្នកកាងឆ្នោតវៀតណាមយីហោ«V168» មនុស្សរបស់លោកផ្កាយ២ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ជាអ្នកនៅពីក្រោយខ្នង បាននាំគ្នាប្រើវិធានច្បាប់ព្រៃ លួងផង ខោកផង គម្រាមផង ។ ទី១-ពួកគេលើកគ្នាមកទាំងហ្វូងជាគោលដៅបំបាក់ស្មារតីនៅកន្លែងទីតាំងកត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។ ទី២-ប្រើវិធានលួងលោមបញ្ចុះបញ្ចូល អោយកត់យកមកអោយខាងខ្លួន ធានាការពារ នៅពីក្រោយខ្នង។ ទី៣-បើអ្នកណា មិនព្រម ក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកផ្កាយ២ ហេង ឡាលីន គម្រាម ធ្វើអោយភ័យខ្លាច បាក់ស្មាតី។ ទី៤-អោយសមត្ថកិច្ចមកបង្ក្រាបភ្លាមៗ ។

​ ជាក់ស្តែងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ទីតាំងផ្ទះលេខ២៧E0z ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ នួន សានិត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបទីតាំងឆ្នោតវៀតណាមខាងលើនេះ ដោយឃាត់ខ្លួនអ្នកស៊ីឈ្មួលកត់ឆ្នោតស្រី២នាក់ និងអ្នកចាក់ម្នាក់ប្រុស។

ក្រោយពីក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«V168» ចុះទៅគំរាមឲ្យកត់ឲ្យពួកគេ ប៉ុន្តែម្ចាស់ទីតាំងនោះបដិសេធមិនព្រមកត់ក៏ត្រូវនគរបាលបង្ក្រាបតែម្តង ជាការគម្រាម អោយឃើញពីឥទ្ធិពល អំណាចពួកគេ គឺមានសមត្ថភាព កត់ឆ្នោតវៀតណាមបាន ធានាចាប់បើមិនមែនជាដៃគូ កូនកញ្ច្រែងរបស់ខ្លួន ។

​ ពលរដ្ឋរងគ្រោះបញ្ជាក់ថា៖ ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«V168»នេះ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ហ្វី លីត បានអួតខ្លួនថាជាជំនួយការលោកផ្កាយ២យោធាម្នាក់ឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន ។

​ ពាក់ព័ន្ធករណីក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានរហ័សនាម«V168»ខាងលើនេះ លោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា” លោកបានឲ្យមន្រ្តីរបស់ខ្លួនចុះពិនិត្យមើលហើយ ប៉ុន្តែឥឡូវគាត់រវល់បន្តិច “ ។

​ ដោយឡែកលោកផ្កាយ២យោធា ឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ដែលជនមួយក្រុមអះអាងថា ជាអ្នកនៅពីក្រោយខ្នងនោះ ខាងអង្គភាពយើង មិនអាចទំនាក់ទំនងបានទេ ព្រោះគ្មានលេខទូរស័ព្ទ។

​ ចំពោះករណីខាងលើដែលប្រជាពលរដ្ឋចោទប្រកាន់ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានយីហោ«V168» របស់លោកផ្កាយ២ ហេង ឡាលីន គេឆ្ងល់ថា ហេតុអីសមត្ថកិច្ចមិនបង្ក្រាប ក្នុងមុខរបរល្មើសច្បាប់នេះ..! បើជាប់ពាក់ព័ន្ធនឹងប្រយោជន៍វិញ នោះកាន់តែសមគំនិតបំពានច្បាប់ទាំងស្រុង ផ្ទុយពីការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្តិភាព ប្រាកដណាស់ថា អ្នកចិញ្ចឹមបទល្មើសអោយកើតមានក្នុងមូលដ្ឋាន ខណៈបទល្មើសកើតចេញពីប្រភពបនល្បែងសុីសងនេះតែម្តង។

​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយអង្គភាព «នគរដ្រេហ្គន»ដឹងតាមទួរស័ព្ទ នៅរសៀលថ្ងៃទី៣០ ខែមេសានេះថា៖ «រឿងល្បែងខ្ញុំឱ្យបង្ក្រាបទាំងអស់ ករណីនោះមានការឈ្លោះគ្នាមែន រហូតដល់ខ្ញុំអោយមន្ត្រីចុះធ្វើការ បង្ក្រាប ក្នុងនោះមានទាំងបញ្ជាពីអភិបាលរាជធានីភ្នំពេញផងដែរ ។ ចំពោះថាមាន ករណីគម្រាម ខ្ញុំក៏ចាត់ការតាមផ្លូវច្បាប់ នឹងសិក្សាពីប្រភេទ ទំហំ នៃបទល្មើស រឿងព្រហ្មទណ្ឌឬមួយយ៉ាងណា ។ ករណីខ្លះការគម្រាម វាមិនបង្ហាញអោយឃើញពីបញ្ហាគ្រោះថ្នាក់ ..! តែអំពើនោះមានបទល្មើស ខ្ញុំចាត់ការទៅតាមនីតិវិធីច្បាប់»៕

ដោយ៖​ ជីម​ ភារ៉ា