ស្នងការរងនគរបាលខេត្តសៀមរាប បញ្ជាក់ថា អ្នកបើកបរយានយន្តកង់បី និងម៉ូតូមានរ៉ឺម៉កសណ្ដោង បើគ្មានបណ្ណបើកបរ មិនត្រូវរងនូវការពិន័យទេ ប៉ុន្តែបើគ្មាន....
-

លោកឧត្ដមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងខណៈពេលមានការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ចំពោះអ្នកបើក​បរយានយន្តមានកង់បី ឬ តាមការនិយមហៅថា ផាសអាប់ និងម៉ូតូមានសណ្ដោងរ៉ឺម៉ក បើគ្មានបណ្ណបើកបរ មិនត្រូវរងនូវការពិន័យទេ ប៉ុន្តែចាំបាច់ត្រូវមានបណ្ណបើកបរ ដើម្បីចៀសវាងរងការផាកពិន័យ ពីនគរបាលចរាចរណ៍ផ្លូវគោក និងយោងតាមការណែនាំរបស់ឯកឧត្ដមអគ្គស្នងការដ្ឋាននគរបាលជាតិ មន្ត្រីនគរបាលចរាចរណ៍នឹងទុកពេលវេលា សម្រាប់ឲ្យម្ចាស់យាន្តយន្តកង់បី និងម៉ូតូមានសណ្ដោងរ៉ឺម៉កទាំងនោះ ទៅប្រឡងយកបណ្ណបើកបរ ប៉ុន្តែការទុកពេលវេលានេះ ពុំទាន់មានការកំណត់ច្បាស់លាស់នៅឡើយទេ ។

លោកឧត្ដមសេនីយ៍ត្រី តេង ច័ន្ទណាត បានបញ្ជាក់បន្ថែម ចំពោះ​យានយន្តមានកង់បី ឬ ផាសអាប់ និងម៉ូតូមានសណ្ដោងរ៉ឺម៉ក ដែលគ្មានស្លាកលេខទេនោះ គឺត្រូវរងនូវការពិន័យហើយ ហើយបើតាមខ្លឹមសារនៃអនុក្រឹត្យលេខ៣៩ អនក្រ.បក ត្រង់ជំពូកទី៣ មាត្រា៦ថ្មី ចំណុចទី៤ បានបញ្ជាក់ថា ត្រូវពិន័យអ្នកបើកបររថយន្តធុនស្រាលទឹកប្រាក់ចំនួន១២០.០០០រៀល ចំពោះអ្នកបើកបរ ដែលបានប្រព្រឹត្តអំពើល្មើសបើកបរដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព និង បើកបរដោយគ្មានបណ្ណសម្គាល់ និងឬផ្លាកលេខ ដូច្នេះសូមម្ចាស់យានយន្តមានកង់បី និងម៉ូតូមានសណ្ដោងរ៉ឺម៉ក សូមទៅធ្វើស្លាកលេខនៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ស្ថិតនៅភូមិស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង សូមឲ្យបំពាក់ភ្លើងសញ្ញា ឬ វត្ថុចំណាំងផ្លាតផង ៕

អត្ថបទ និង រូបថត ៖ លោក បូ សាវី និង លោក សេង ផល្លី

កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

#មន្ទីរព័ត៌មានខេត្តសៀមរាប

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប