ស្រស់ស្អាតណាស់...«ផ្កាផ្គរលាន់» កំពុងតែរីកស្រស់បំព្រងនៅតាមរបងមុខផ្ទះ គ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី
-

បងប្អូនប្រាកដជាបានស្គាល់ហើយថា លោកឃឹម ហ្វីណង់ បានបង្ហោះឲ្យដឹងថា រដូវ«ផ្កាផ្គរលាន់» កំពុងតែរីកស្រស់បំព្រងនៅតាមរបងមុខផ្ទះ គ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី!

ជាប្រភេទរុក្ខជាតិប្រចាំតំបន់ ដែលមានមើមនិងមានផ្កាពណ៌ទឹកក្រូចស្រស់ (អ្នកខ្លះហៅថា”ប្រទាលផ្គរលាន់”) ផ្កានេះទៀងរដូវណាស់។ រៀងរាល់ឆ្នាំ ក្នុងចន្លោះខែមេសានិងខែឧសភា ពេលបុណ្យចូលឆ្នាំខ្មែរ អោយតែចាប់ផ្តើមមានផ្គរលាន់ហើយភ្លៀងបានមួយមេពីរមេ មើមដែលនៅសល់ពីឆ្នាំចាស់ ក្រាំងរង់ចាំទឹកភ្លៀងអស់កាលពេញមួយឆ្នាំនោះ នឹងលូតចេញជាពន្លកលាស់ថ្មី មកបង្អួតរាងយ៉ាងស្រស់ឆើតឆាយជាមួយនឹងផ្កាពណ៌ទឹកក្រូចគួរអោយទាក់ទាញ។ វាក៏ជាសញ្ញាប្រាប់ថាវស្សារដូវបានមកដល់ហើយ ពេលវេលាដែលប្រជាកសិករត្រូវរួសរាន់ចាប់ផ្តើមសាបព្រោះធ្វើស្រែចម្ការរបស់ពួកគាត់ផងដែរ។

ផ្កាដែលមានភាពទាក់ទាញបែបនេះ ប្រសិនបើមានការរៀបចំបែបប្រមូលផ្តុំអោយបានច្រើន នៅលើផ្ទៃដីធំល្វឹងល្វើយរឺតាមដងផ្លូវវែងណាមួយ ប្រហែលជាអាចក្លាយជាផលិតផលទេសចរណ៍ប្រចាំរដូវ សម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនាបាន មិនចាញ់ផ្កាTulip ទេមើលទៅ... ចង់ឃើញ?! សម្បូរនៅតាមដងផ្លូវពីកែងភូមិព្រះដាក់ទៅប្រាសាទបន្ទាយស្រី រឺផ្លូវទៅកាន់ឃុំត្បែង។

ប្រភព៖ ឃឹម ហ្វីណង់