ទោះបីកម្ពុជា សល់អ្នកជំងឺ Covid-19 តែ១នាក់ក៏ដោយ ក៏ប្រទេសចិននៅតែផ្តល់សម្ភារៈទប់ស្កាត់វីរុសCOVID-19 ដល់កម្ពុជា​ ជាបន្តបន្ទាប់
-

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២១នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរ បើយោងទៅតាមការផុសរបស់ស្ថានទូចិនប្រចាំកម្ពុជាបានធ្វើការលើកឡើងឲ្យដឹងថា ៖ សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19ដែលជាជំនួយថ្មីមួយទៀតរបស់ចិនជូនចំពោះកម្ពុជា នឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19ដែលជាជំនួយរបស់ចិន ជូនចំពោះកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមផ្លូវអាកាស សម្ភារៈទាំងនោះរួមមានសារធាតុតេស្តរកជំងឺវីរុសចំនួន៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន១៨០០០កំផ្លេ វ៉ែនតាការពារចំនួន៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន២០០គ្រឿង សម្ភារៈទាំងនេះត្រូវបានទទួលដោយក្រសួងសុខាភិបាលកម្ពុជា។ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ បន្តផ្តល់កម្លាំងគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះនៅក្នុងប្រទេសកម្ពុជា៕