ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនមនុស្សចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីបោកប្រាស់លុយ រឿងលក់ដីខ្យល់ជិត២០០ហិចតា នៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះថា ទី១. ឈ្មោះ រស់ សុគន្ធ អាយុ៤០ឆ្នាំ, ទី២. ឈ្មោះ ផាត់ សុខកាន ភេទស្រី អាយុ៤០ឆ្នាំ និងទី៣. ឈ្មោះ អ៊ុង ប៊ុនថន អាយុ៥៤ឆ្នាំ។
ជនរងគ្រោះមានឈ្មោះថា យ៉ន សេងហាង បានប្រាប់ថា ខ្លួនបានទៅមើលដីជាមួយជនសង្ស័យរស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន ដែលមានទំហំ ១៩១ហិចតា ដែលមានទីតាំងនៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ដោយជនរងគ្រោះបានធ្វើការទូទាត់ប្រាក់ថ្លៃដីជាបន្តបន្ទាប់ ឲ្យទៅឈ្មោះ រស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន រហូតដល់គ្រប់ចំនួន ១,៥០០,០០០ដុល្លារ។

ជនរងគ្រោះបានបន្តទៀតថា ខ្លួនបានឲ្យ ជនសង្ស័យធ្វើលិខិតសូមឈូសឆាយដី ដើម្បីអភិវឌ្ឍន៍ និងមានសិទ្ធអាស្រ័យផល ព្រមទាំងទុកពុះដីឡូត៍ជូនអតិថិជន តែជនសង្ស័យចេះតែគេចវេសរហូត ដល់ពេលជនរងគ្រោះបានឲ្យមេធាវី ធ្វើធ្វើពាក្យស្នើសុំអនុញ្ញាតច្បាប់ឈូសឆាយដី ទៅរដ្ឋបាលស្រុកឧដុង្គដោយផ្ទាល់។
បន្ទាប់ពីអាជ្ញាធរធ្វើការពិនិត្យហើយនោះ រដ្ឋបាលស្រុកឧដុង្គ បានប្រាប់ឲ្យដឹងថា ជាឯកសារក្លែងក្លាយ ទើបប្តឹងឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕