ជួយប្រាប់តៗគ្នាផង...សេចក្ដីជូនដំណឹង ស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មានរយៈពេល ៦០ថ្ងៃ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជ្រាបថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លទ្ធផលនៃការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេចបាន ៤១% នៃគម្រោង ដែលតាមផែនការនឹងបញ្ចប់ការសាងសង់នៅចុង ឆ្នាំ២០២១ខាងមុខ។

បើតាមសេចក្តីជូនដំណឹងថា ក្នុងខណៈពេលនេះដំណើរការ ការដ្ឋានឈានដល់ដំណាក់កាលសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសងខាង នៃផ្លូវក្រោមដីបានស្ថាបនារួចហើយ ចាំបាច់ត្រូវបិទចរាចរ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាលនៃផ្លូវក្រោមដីនេះ។ ក្នុងផែនការបិទពង្វាងចរាចរណ៍នេះ មានរយៈពេល ៦០ថ្ងៃ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក តទៅដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងសូមធ្វើការពង្វាងចរាចរណ៍តាមតម្រាយផ្លូវ ដូចខាងក្រោម៖

ក . យានយន្តដែលធ្វើដំណើរក្នុងទិសដៅចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ គឺ៖

-ក្នុងដំណើរទិសដៅទៅមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបត់ឆ្វេងពីមុខការដ្ឋានទៅដងផ្លូវជាតិលេខ៤ ដែលមាន ២គន្លងចរាចរបង្កើតថ្មី

-ក្នុងដំណើរទៅផ្លូវវេងស្រេង ត្រូវធ្វើដំណើរត្រង់មកដល់អតីតរង្វង់មូលចោមចៅ រួចបន្តឆ្ពោះទៅផ្លូវវេងស្រេង

-ក្នុងដំណើរទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរត្រង់មកដល់អតីតរង្វង់មូលចោមចៅ រួចបត់ស្តាំមកផ្លូវជាតិលេខ៣

ខ. យានយន្តដែលធ្វើដំណើរក្នុងទិសដៅចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៣ គឺ៖

-ក្នុងដំណើរទៅមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវធ្វើដំណើរមកដល់អតីតរង្វង់មូលចោមចៅ រួចធ្វើដំណើរទៅត្រង់ជាធម្មតា

-ក្នុងដំណើរបត់ឆ្វេងឆ្ពោះទៅផ្លូវជាតិលេខ៤ ត្រូវធ្វើដំណើររមកហូសអតីតរង្វង់មូលចោមចៅ រួចបត់ឆ្វេងឆ្ពោះទៅផ្លូវជាតិលេខ៤

-ក្នុងដំណើរទៅផ្លូវវេងស្រេង ត្រូវធ្វើដំណើរមកដល់អតីតរង្វង់មូលចោមចៅរួចបត់ស្តាំទៅផ្លូវវេងស្រេង

គ. យានយន្តដែលធ្វើដំណើរក្នុងទិសដៅចេញពីរាជធានីភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ី គឺ៖

-ក្នុងដំណើរទៅផ្លូវជាតិលេខ៤ ត្រូវធ្វើចរាចរណ៍ដូចពីមុនជាធម្មតា ដោយឆ្លងកាត់ការដ្ឋានសាងសង់ឆ្ពោះទៅផ្លូវជាតិលេខ៤

-ក្នុងដំណើរទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរឆ្លងកាត់រង្វង់មូលចោមចៅ តាមដងផ្លូវជាតិលេខ៤ មកដល់ទីតាំងខាងក្នុងការដ្ឋានត្រូវបត់ឆ្វេង នៅពេលមកដល់ទីតាំងអតីតរង្វង់មូលចោមចៅ ត្រូវបត់ស្តាំមកផ្លូវជាតិលេខ៣។ យានយន្តក៏អាចមានជម្រើសមួយទៀត ធ្វើដំណើរត្រង់ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវ ជាតិលេខ៤ រួចបត់ឆ្វេងតាមផ្លូវបេតុងសុវណ្ណភូមិ នៅខាងកើតសាលាសង្កាត់ចោមចៅ ឆ្ពោះទៅផ្លូវជាតិលេខ៣ក៏បាន

-ក្នុងដំណើរទៅផ្លូវវេងស្រេង ត្រូវធ្វើដំណើរឆ្លងកាត់រង្វង់មូលចោមចៅតាមដងផ្លូវជាតិលេខ៤ មកដល់ទីតាំងខាងចុងការដ្ឋានត្រូវបត់ឆ្វេង រួចបន្តដំណើរឆ្ពោះទៅផ្លូវវេងស្រេង

ឃ. យានយន្តដែលធ្វើដំណើរក្នុងទិសដៅពីផ្លូវវេងស្រេងគឺ៖

-ក្នុងការធ្វើដំណើរឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវធ្វើដំណើរត្រង់មកដល់ទីតាំងអតីតរង្វង់មូលចោមចៅ រួចបត់ស្តាំអែបផ្លូវក្រោមដីឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី

-ក្នុងដំណើរ ផ្លូវជាតិលេខ៤ ត្រូវធ្វើដំណើរមកដល់ទីតាំងអតីតរង្វង់មូលចោមចៅ រួចហើយត្រូវបត់ស្ដាំ បន្ទាប់ពីធ្វើដំណើរបានចម្ងាយប្រមាណ ២០ម៉ែត្រ ត្រូវបត់ឆ្វេងមកផ្លូវជាតិលេខ៤

-ក្នុងដំណើរទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរមកដល់អតីតរង្វង់មូលចោមចៅ រួចហើយត្រូវបត់ស្តាំ បន្ទាប់ពីធ្វើដំណើរបានចម្ងាយប្រមាណ ២០ម៉ែត្រ ត្រូវបត់ឆ្វេងមកផ្លូវជាតិលេខ៤ នៅពេលមកដល់ចុងការដ្ឋានត្រូវបត់ឆ្វេងឆ្ពោះទៅផ្លូវជាតិលេខ៣។ យានយន្តក៏អាចមានជម្រើសមួយទៀត ធ្វើដំណើរត្រង់ពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវជាតិលេខ៤ រួចបត់ឆ្វេងតាមផ្លូវបេតុងសុវណ្ណភូមិនៅខាងកើតសាលា សង្កាត់ចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ក៏បាន។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមសហការអនុវត្តសេចក្ដីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕